អន្តរជាតិ៖ បើតាមការផ្សាយរបស់កាសែត Kyodo ស្របពេលជប៉ុនបិទព្រំដែនរបស់ខ្លួនដើម្បីទប់ស្កាត់ការកើនឡើងជាថ្មីនៃជំងឺ COVID-19។ ស្រាប់តែនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជប៉ុន សម្រេចផ្អាកបណ្តោះអាសន្នលើការអនុញ្ញាតឲ្យអត្តពលិកបរទេសចូលហ្វឹកហាត់ក្នុងប្រទេសនៅមុនពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូចូលមកដល់។
បេីតាមរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា ចំពោះការពន្យារពេលនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ពោលគឺនៅពេលការបិទព្រំដែនក្នុងក្រុងតូក្យូ និងក្រុងធំៗផ្សេងទៀតត្រូវបញ្ចប់។ បន្ទាប់ពីការបិទព្រំដែននេះ កើតឡើង ខណៈដែលជប៉ុន មានការកើនឡើងចំនួនអ្នកឆ្លងជំងឺរាតត្បាតសកលក្នុងចំនួនច្រើនសារជាថ្មី រហូតបង្ខំរដ្ឋាភិបាលរឹតបន្តឹងបែបនេះ។
សូមជម្រាបថា អំឡុងពេលបិទព្រំដែននេះដែរ ក៏ធ្វើឲ្យប៉ះពាល់ដល់អត្តពលិកពីក្រៅប្រទេសដែលចង់ទៅជប៉ុនដើម្បីហ្វឹកហាត់ត្រៀមអូឡាំពិកឆ្នាំ២០២១ ផងដែរ។ ខណៈជប៉ុន បានសម្រេចផ្អាកការអនុញ្ជាតឲ្យអត្តពលិកចូលទៅហ្វឹកហាត់នៅទឹកដីខ្លួនដើម្បីបង្ការជំងឺ COVID-19 ខណៈព្រឹត្តិការណ៍កីឡាលំដាប់ពិភលោករដូវកាលក្តៅដែលត្រូវពន្យារពេល១ឆ្នាំនេះ នឹងចូលមកដល់នៅរយៈពេល៦ខែទៀត។
គួរបញ្ជាក់ថា ជប៉ុនចំនួនករណីឆ្លង COVID-19 ជាង៣សែនករណី ក្នុងនោះស្លាប់ជាង៤២០០នាក់ និងសះស្បើយជាង២សែន៣ម៉ឺនករណី, នេះបេីគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១៕ដោយ៖ស តារា