អន្តរជាតិ៖ លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីដែលត្រូវស្បថចូលកាន់តំណែងនៅសប្ដាហ៍ក្រោយនេះ កាលពីថ្ងៃទី១៤ ខែមករាថ្មីៗនេះ បានបញ្ចេញគម្រោងកញ្ចប់ជំនួយទំហំ១,៩ទ្រីលានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចអាមេរិក។ បន្ថែមពីនេះលោក បៃឌិន បានអះអាងថាការចាក់បញ្ចូលលុយក្នុងសេដ្ឋកិច្ចជារឿងចាំបាច់បំផុត និងដើម្បីជំរុញល្បឿនក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ផងដែរ។
ជាក់ស្តែងក្នុងកញ្ចប់ជំនួយ១,៩ទ្រីលានដុល្លារ ទឹកប្រាក់៤១៥ពាន់លានដុល្លារ នឹងត្រូវចាក់បញ្ចូលក្នុងការប្រយុទ្ធជំងឺរាតត្បាតនេះ និងកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ។ ចំណែកទឹកប្រាក់ប្រហែល១ទ្រីលានដុល្លារ នឹងប្រើសម្រាប់ការឧបត្ថម្ភដោយផ្ទាល់ទៅកាន់ប្រជាជនអាមេរិក ហើយទឹកប្រាក់ជាង៤៤០ពាន់លានដុល្លារទៀត នឹងប្រើដើម្បីជួយអាជីវកម្មតូចៗ និងសហគមន៍ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។
ដោយឡែកសម្រាប់កញ្ចប់លុយដែលត្រូវឲ្យប្រជាជន ពលរដ្ឋអាមេរិកម្នាក់ៗនឹងទទួលបានលុយចំនួន១៤០០ដុល្លារ បន្ថែមពីលើលុយចំនួន៦០០ដុល្លារដែលផ្ដល់ឲ្យរដ្ឋបាលលោក ត្រាំ ។ បេីមែនទែនទៅ លោក ដូណាល់ ត្រាំ ចង់ឲ្យប្រជាជនអាមេរិកម្នាក់ពីរពាន់ដុល្លារដែរ ប៉ុន្តែសភាមិនព្រម។ ចំណែកគម្រោងរបស់លោក បៃឌិន វិញ មានសង្ឃឹមខ្ពស់ដែលអាចទទួលបានការយល់ព្រមពីសភា ព្រោះបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាទាំងពីរទៅហើយ។
សូមជម្រាបថា លោក ចូ បៃឌិន ជាការអនុវត្តតាមការសន្យានាពេលឃោសនារកសំឡេងឆ្នោត លោកបានបញ្ចេញផែនការជួយសង្គ្រោះសេដ្ឋកិច្ចអាមេរិក និងពន្លឿនការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដែលកំពុងទាញអាមេរិកឲ្យចូលវិបត្តិ។ មិនតែប៉ុណ្ណោះលោក បៃឌិន បានប្ដេជ្ញាចិត្តដោះស្រាយបញ្ហានេះឲ្យបានល្អ និងម៉ត់ចត់ជាងប្រធានាធិបតី ដូណាល់ ត្រាំ ។
ជាមួយគ្នានោះលោក ចូ បៃឌិន ថ្លែងពីរដ្ឋ Delaware នៅថ្ងៃទី១៤ ខែមករា បាននិយាយថា ផែនការរបស់លោក ជារឿងចាំបាច់ដើម្បីស្ដារសេដ្ឋកិច្ចអាមេរិក ដែលរងផលប៉ះពាល់ខ្លាំងដោយការរាលដាលជំងឺកូវីដ-១៩ ហើយវានឹងជួយបញ្ចៀសការខ្ទេចខ្ទាំសេដ្ឋកិច្ចរយៈពេលវែងស្របពេលដែលផលប្រយោជន៍របស់វា ក៏មានច្រើនដែរ។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះសង្កត់ធ្ងន់ថា៖ «នៅកណ្ដាលវិបត្តិបែបនេះ យើងមិនអាចមិនធ្វើអ្វីសោះឡើយ។»
ទាក់ទិននឹងបញ្ហានេះដែរ បេីតាមមន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យនៅសភាទាំងពីរ ក៏បានសាទរផែនការនេះ និងប្ដេជ្ញាធ្វើការដើម្បីឲ្យចេញជាលទ្ធផលតែម្ដង។ រីឯមេដឹកនាំបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា Chuck Schumer និងប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ក៏បានបញ្ជាក់ដែរថា សភានឹងធ្វើឲ្យទស្សនៈវិស័យលោក បៃឌិន ចេញជារូបរាង ត្រូវបានអនុម័តនៅសភា និងត្រូវចុះហត្ថលេខាក្លាយជាច្បាប់។
គួរបញ្ជាក់ថា ចំពោះកញ្ចប់ជំនួយខាងលើ ជាវិធានការទីមួយប៉ុណ្ណោះរបស់លោក ចូ បៃឌិន ។ ខណៈក្រុមមន្ត្រីរបស់លោកអះអាងថា កញ្ចប់ទីពីរ នឹងចេញជារូបរាងមិនយូរឡើយក្រោយលោក ចូ បៃឌិន ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ៕ដោយ៖ស តារា
រូបថត៖ AFP