ពលករមកពីប្រទេសថៃបានអនុវត្តចត្តាឡីស័កគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលចំនួន១៥ថ្ងៃ បានថ្លែងអំណរគុណក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ពលករមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់បានមកស្នាក់នៅធ្វើចត្តាឡីស័កចំនួន១៥ថ្ងៃនៅអនុវិទ្យាល័យអន្លង់វែង ក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ក្រុមពលករបានលើកឡើងថា ក្នុងនាមខ្ញុំជាពលករ និងជួសមុខឱ្យពលករត្រឡប់ពីប្រទេសថៃទាំងអស់ដែលបានធ្វើចត្តាឡីស័កក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏ដូចជាគ្រប់មណ្ឌលចត្តាឡីស័កតាមបណ្តាខេត្តជាប់ព្រំដែនថៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ជាពិសេសអរគុណដល់ចុងភៅនូវអាហារបីពេលក្នុងមួយថ្ងៃ អរគុណដល់ក្រសួងអប់រំយុវជននិងកីឡាដែលបានផ្ដល់កន្លែងសម្រាក អរគុណគ្រប់យ៉ាង ដែលក្នុងរយៈពេល១៥ថ្ងៃ ពួកយើង ទទួលបាននូវលទ្ធផលត្រួតពិនិត្យរកជំងឺកូវីដ-១៩អវិជ្ជមានទាំងអស់សម្រាប់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី១៤។
ពួកយើងមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាបានចូលរួម ដើម្បីសង្គមជាតិយើង បើទោះបីមានការខ្វះខាត ឬចន្លោះនូវប្រការណាមួយ
ឬក៏អាហារមិនបានឆ្ងាញ់ក្នុងពេលខ្លះក៏ដោយ ក៏ពួកយើងខ្ញុំមិនអាក់អន់ស្រពន់ចិត្តដែរ។
ជាចុងក្រោយសូមជូនពរជ័យដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងបងប្អូនពលករខ្មែរទាំងអស់ មានសុខភាពល្អ
និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ ហើយយើងខ្ញុំនឹងបន្តការរស់នៅក្នុងសម័យថ្មី បរិបទសង្គមថ្មី
ក្នុងសម័យកូវីដ ថែរក្សាអនាម័យ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ ប៉ែន នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print