ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ កក្កដានេះសមាជិកសមាគមសិល្បករខ្មែរក្រោមការដឹកនាំដោយប្រធានសមាគមលោកសុះ ម៉ាច បានធ្វើដំណើរទៅកាន់ផ្ទះតារាចម្រៀងអាយ៉ៃជើងចាស់ដែលគេស្គាល់ច្បាស់ក្នុងពិភពអាយ៉ៃ គឺលោកតា ឈិន ឈាង ឬស្មៀនឈាង បានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្វីដែលគួរឲ្យរន្ធត់ចិត្ត គឺជំងឺរបស់លោកជាជំងឺកាចសាហាវ ព្យាបាលមិនជា។
អ្នកស្រី អ៊ុក សុផា ជាភរិយានិងជាតារាចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាបានថ្លែង ថាមកទល់ពេលនេះ ស្វាមីអ្នកស្រី មានអាយុ៦៧ឆ្នាំនិងមានសុខភាពទ្រុឌទ្រោមសុខភាពគួរឲ្យកត់សម្គាល់ ដោយមិនអាចដើរបានច្រើន ហូបអីមិនសូវបាន ហើយមានសភាពអស់កម្លាំង ។អ្នកស្រីប្រាប់ថាស្វាមីរបស់អ្នកស្រីមានជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលប្រមាណជាង១៣ឆ្នាំមកហើយ ដោយសារតែលោកធ្លាប់មានគ្រោះថ្នាក់បុកក្បាលយ៉ាងធ្ងន់ធ្ងរ មួយកាលពីនៅក្មេងហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលេចចេញនូវជំងឺធ្ងន់ធ្ងរមូយទៀតទាក់ទឹងនឹងបញ្ហាប្រមាត់ដែលធ្វើឲ្យស្វាមីអ្នកស្រីឈឺចុកចាប់ជាខ្លាំងនៅពេលធ្វើទុក្ខម្តងៗ។ អ្នកស្រីនិយាយថាជំងឺទាំងនេះធ្វើឲ្យគាត់ចេះតែសើចម្នាក់ឯងព្រោះបញ្ជាខួរក្បាលអត់កើត អញ្ចឹងហើយទើបគាត់លែងហ៊ានឡើងឆាកប៉ុន្មានឆ្នាំហ្នឹង ដោយនៅថតតែសំឡេងទុកចាក់តាមវិទ្យុជាតិនិងនៅតែបង្ហាត់អាយ៉ៃ នៅសាលាវិចិត្រសិល្បៈ មុនពេលគាត់ធ្ងន់ធ្ងរប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលដល់ប្រទេសថៃ និងវៀតណាមស្ទើរតែអស់លទ្ធភាព ទម្រាំតែមានស្មារតីបានប្រសើរបន្តិច នេះ។
ប្រធានសមាគមសិល្បៈករខ្មែរលោកសុះ ម៉ាច ដែលបានដឹកនាំតារាសិល្បៈចុះទៅ សួរសុខទុក្ខដល់ផ្ទះ បានអះអាងថាសមាគមមានគម្រោងធ្វើយុទ្ធនាការគៀរគររក ជំនួយជួយដល់វីរៈសិល្បៈករអាយ៉ៃទាំងពីរ បើទោះជាជីវភាពជាក់ស្ដែងរបស់លោកតាឈិន ឈាង និងអ្នកស្រីអ៊ុក សុផា មិនខ្សត់ខ្សោយខ្លាំងក៏ដោយ។ លោកនិយាយថា ទោះបីជាកូនចៅរបស់ លោកតាឈិន ឈាង មិនជាលំបាក ប៉ុន្តែក្នុងនាមគាត់ជាតារាជើងចាស់ ហើយមានជំងឺអស់សង្ឃឹមអញ្ចឹង សមាគមមិនអាចនៅស្ងៀមបានទេគឺលោកនឹងអាចពិភាក្សាជា មួយសមាជិករៀបចំជាការប្រគំតន្ត្រីរកមូលនិធិជួយគាត់ និងសិល្បៈករមួយចំនួនដែលជួបបញ្ហាសុខភាព នៅពេលដ៏ខ្លីខាងមុខ។
ទីប្រឹក្សាក្រសួងព័ត៌មាននិងជាក្រុមប្រឹក្សាភិបាលថ្មី របស់សមាគមសិល្បៈករខ្មែរលោក កុយ ស៊ីឌឿន បានអះអាងថាសម្រាប់លោកមិនមែនជាលើកទី១ នោះទេ ក្នុងការគៀរគរតារាសិល្បៈ ជាពិសេសតារាសិល្បៈក្នុងក្លិបសិល្បៈឌីភីរបស់ខ្លួន ឲ្យចុះមកសួរសុខទុក្ខបែបនេះដល់លោកតាស្មៀនឈាង។ លោកនិយាយថា កន្លងមកលោកធ្លាប់បានយកជំនួយមកជូនគាត់ច្រើនលើកមកហើយតាម រយៈក្លិបសិល្បៈឌីភី និងហាងកែសម្ផស្សរបស់ភរិយាលោក។លោកបញ្ជាក់ដែរថាការជួយគ្នាទៅវិញទៅមកគឺជាវប្បធម៌មួយដ៏ល្អ។ លោកថា លោកតា ឈិន ឈាង ឬស្មៀនឈាង ធ្លាប់ធ្វើឲ្យមហាជនទូទៅគាត់សប្បាយរីករាយ ដូចនេះការជួយលើកទឹកចិត្តសាកសួរសុខទុក្ខនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់លោកនៅឡើយប៉ុន្តែវាបង្ហាញពីទឹកចិត្តរបស់អ្នកជំនាន់ក្រោយចំពោះលោកដែលលះបង់សម្រាប់សិល្បៈសម្រាប់មហាជន។ លោកថាលោកមិនចង់ឮគេថាសិល្បៈករជុំគ្នាតែពេលជប់លៀង ឬផឹកស៊ីទេ គឺត្រូវតែរួមដៃគ្នាពេលមានអ្នកឈឺ ឬមានទុក្ខ ហើយលោកស្នើឲ្យសិល្បៈករដែលមិនទាន់ក្លាយជាសមាជិករបស់សមាគមចូលរួមទាំងអស់គ្នាដើមី្បសិល្បៈ ដើម្បីសង្គមជាតិ៕ វឌ្ឍនា