ខេត្តព្រះសីហនុ៖ យុវជនសង្ស័យចំនួន០៦នាក់ ជាប់ពាក់ព័ន្ឋទៅករណីហិង្សាដោយមានស្ថានទម្ងន់ទោសនៅភ្នំពេញ ក្នុងនោះមានស្ត្រី២នាក់ផងដែរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បើកយុទ្ឋនាការធ្វើការបង្ក្រាបនិងធ្វើការឃាត់ខ្លួនកាលវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងដីអនុក្រិត្យលេខ៧៦(ព្រៃអាកាស្យា) ស្ថិតក្នុងភូមិ០១សង្កាត់លេខ១ក្រុងព្រះ សីហនុ ។
យោងតាមប្រភពពីមន្ត្រីកងរាជអាវុធម្នាក់បានអះអាងថា ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួន នេះគឺដោយសារនៅប៉ុន្មានថ្ងៃមុនឃាត់ខ្លួន ជនសង្ស័យនេះបានចូលមកស្នាក់ក្នុងភូមិសាស្ត្រខាងលើដោយមានលាក់លៀមពុំមានភាពមិនប្រក្រតី កម្លាំងរបស់លោក ក៏បានរាយការណ៏ទៅកាន់លោកមេបញ្ជាការ អំពីសកម្មភាពនេះទើបលោក ឧត្តមសេនីយ៏បានបញ្ជាឲ្យលោកវរៈសេនីយ៏ត្រី ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងព្រះសីហនុ ដឹកនាំកំលាំងចុះទៅកាន់កន្លែងមានការសង្ស័យ ខណៈពេលកម្លាំងកងរាជអាវុធហត្ថចុះទៅដល់ភ្លាមក្រុមជន សង្ស័យទាំង៦នាក់បានរត់គេចខ្លួន ទើបកម្លាំងធ្វើការឡោមព័ទ្ឋតែម្តង នឹងបានឃាត់ខ្លួនមនុស្សចំនួន០៦នាក់ រួមជាមួយម៉ូតូ០៣គ្រឿង ក្នុងម៉ូតូនៃអំពើប្លន់មាន០១គ្រឿង ឯ០២គ្រឿងជាមធ្យោបាយធ្វើសកម្មភាព ទូរស័ព្ទចំនួន០៦គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះសួ ទីទី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ បានសារភាពថាពួកខ្លួនចំនួន០៣នាក់ក្នុងចំណោម០៦នាក់ដែលបានឃាត់ខ្លួនជានេះ ធ្លាប់បានធ្វើសកម្មភាពប្លន់នៅភ្នំពេញចំនួន០២លើក គឺ នៅមុខពេទ្យរុស្ស៊ី០១លើក និងបឹងត្របែកចំនួន០១លើក បានម៉ូតូចំនួន០២គ្រឿងក្នុងនោះ០១គ្រឿងលក់នៅភ្នំពេញ និង០១គ្រឿងទៀតបំណងយកមកលក់នៅក្រុងព្រះសីហនុ ដោយក្នុងសកម្មភាពទាំង០២ លើកនោះពួកខ្លួនមានគ្នា០៦នាក់ (នៅចំពោះមុខ០៣នាក់ និងនៅភ្នំពេញ០៣នាក់ ស្រីម្នាក់)។
យោងតាមប្រភពពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានថ្លែងប្រាប់ នគរដ្រេហ្គន»ថាៈ ជនសង្ស័យទាំង០៦នាក់ ដែលកម្លាំងរបស់លោក ធ្វើការស្រាវជ្រាវស៊ើបអង្កេតកន្លងមក គឺជាក្រុមប្លន់នៅរាជធានីភ្នំពេញ ហើយបានមកពួនសម្ងំលាក់ខ្លួនក្នុងដីអនុក្រិត្យលេខ៧៦(ព្រៃអាកាស្យា)ក្នុងយុទ្ឋនាការនោះដែរកម្លាំងរបស់លោក បានរកឃើញវត្ថុតាងមួយចំនួន និងម៉ូតូចំនួន០៣គ្រឿង។
ជនសង្ស័យទាំង០៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី០១ឈ្មោះ សេង មិថុនា ភេទ ប្រុស អាយុ១៦ឆ្នាំមានទីលំនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិកផ្សារហេងលី ទី២ឈ្មោះ ហេង ជីវង្ស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ ទី៣ឈ្មោះ ហង្ស ដារ៉ាតា ភេទប្រុស អាយុ១៧ឆ្នាំមាន មុខរបរលក់មាន់ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ទី៤ឈ្មោះ សួ ទីទី ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ទី៥ឈ្មោះ ឡុង កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនេជ័យរាជធានីភ្នំពេញ និង ទី៦ឈ្មោះសាន្ត ដានីតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ពាក់ព័ន្ឋ ករណីប្លន់នៅភ្នំពេញ កំពុងត្រូវបានកម្លាំងកងរាជអាវុធក្រុងព្រះសីហនុ ធ្វើការសាកសួរ និង កសាងសំណុំរឿងមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សហការី