ប៉ូលីស​ម៉ាឡេស៊ី រឹបអូស​គ្រឿងញៀន​ដែលមាន​តម្លៃ​ជិត​៥០​លាន​ដុល្លារ​ ក្នុង​ប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ធំជាងគេ​នៅ​រដ្ឋ Johor

ចែករំលែក៖

អន្តរជាតិ៖​ ​បើតាម​ការបញ្ជា​ក់របស់លោក Ayob Khan Mydin Pitchay ស្នងការ​ប៉ូលីស​រដ្ឋ Johor ប្រទេសម៉ាឡេស៊ី​ នៅ​ថ្ងៃអាទិត្យ​ទី​១៧មករា​ ឆ្នាំ២០២១​ ​បានអះអាងថា​ នេះ​ជាការ​បង្ក្រាប​គ្រឿងញៀន​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​ បន្ទាប់ពីប៉ូលីស​រឹបអូស​បានគ្រឿងញៀន​ដែលមាន​តម្លៃ​ជិត​៥០​លាន​ដុល្លា​រ​ ក្នុង​ប្រតិបត្តិការ​នៅ​រដ្ឋ Johor កាលពី​សប្ដាហ៍​មុន​។

​លោកស្នងការ​ប៉ូលីស​រដ្ឋ Johor បានបញ្ជាក់ទៀតថា​ ក្នុង​ប្រតិបត្តិការ​​បង្ក្រាប​កន្លែង​ផលិត និង​ចែកចាយ​គ្រឿងញៀន​ ចំនួន៣​កន្លែង ហើយ​រឹបអូស​គ្រឿងញៀន​ដែលមាន​តម្លៃ​ដល់​ទៅ​៤៩,៨​លាន​ដុល្លារ​។ ហេីយនេះ​ជា​ស្នាដៃ​ការបង្ក្រាប ទ្រង់ទ្រាយ​ធំ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​របស់​ម៉ាឡេស៊ី​។​

​ជាក់ស្តែងក្នុងប្រតិបត្តិការនេះ​ ប៉ូលីស​ បាន​លប​វាយឆ្មក់​ចំនួន ៣​កន្លែង​ផ្សេងគ្នា​គឺ នៅឯ​រោងចក្រ​ផលិត​គ្រឿងញៀន នៅ Taman Mount Austin និង​ផ្ទះជួល​ស្តុក​គ្រឿងញៀន​២​កន្លែង​ផ្សេងទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ចំពោះការ​វាយឆ្មក់​នេះ​ធ្វើឡើងបន្ទាប់ពី​បាន​សាកសួរ​ជនសង្ស័យ​ចំនួន​១៤​នាក់​នៃ​ក្រុម​រត់ពន្ធ​និង​ចែកចាយ​គ្រឿងញៀន​មួយ ដែល​ត្រូវបាន​ចាប់ខ្លួន​តាំងពីដើម​សប្ដាហ៍​មុន​នៅ​ទីក្រុង Johor Barhu​។ នេះបេីតាមទីភ្នាក់ងារ​ពត៌មាន​រដ្ឋ Bernama បានចុះផ្សាយ។

​ដោយឡែកក្នុង​ប្រតិបត្តិការ​ដំបូង​ នាយកដ្ឋាន​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន បាន​រកឃើញ​កន្លែង​ផលិត​គ្រឿងញៀន​២​កន្លែង និង​កន្លែង​ចែកចាយ​២​ផ្សេងទៀត​ដែលមាន​គ្រឿងញៀន​មានតម្លៃ​ច្រើន​លាន​ដុល្លារ​ដែរ​។ ជា​សរុប គ្រឿងញៀន​ដែល​រឹបអូស​បាន​ប្រភេទ​ម្សៅEcstasy ទម្ងន់ ៣,២​តោន​, ប្រភេទ Ecstasy រាវ ២៦,១​គីឡូក្រាម​, និង​ម្សៅ Erimin-5 ទម្ងន់​១១៧​គីឡូក្រាម​។ ប៉ូលិស​ម៉ាឡេស៊ី​ប៉ាន់​ស្មានថាគ្រឿងញៀន​ទាំងនេះ អាច​ចែកចាយ​ដល់​អ្នកប្រើប្រាស់​ប្រហែល​១១​លាន​នាក់​។

​ក្រៅពីនេះ ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ប៉ូលីស ក៏បាន​រឹបអូស​វត្ថុតាង​ដូចជា៖ រថយន្ត​ទំនើប​ចំនួន ៤​គ្រឿង​, លុយ​សុទ្ធ​៥​លាន​រីង​ហ្គី​ត (​លុយ​ម៉ាឡេស៊ី​), លុយ​បរទេស​ជាង ២៣​ម៉ឺន​រីង​ហ្គី​ត​, គ្រឿងអលង្ការ ៣០​ប្រភេទ​, នាឡិកា Rolex បី​គ្រឿង​, និង​គណនី​ធនាគារ​ចំនួន​៦២ ផ្ទុក​លុយ​សរុប​ប្រមាណ ១,២៣​លាន​រីង​ហ្គី​ត​ទៀត​។

​គួរ​ជម្រាបដែរថា ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ បាន​ដំណើរការ​តាំងពី​ឆ្នាំ ២០១៨ ដោយបាន​ជួល​រោងចក្រ និង​ផ្ទះ​ដើម្បី​ផលិត និង​រក្សាទុក​គ្រឿងញៀន​នៅទីនេះ៕ដោយ៖សហការី

រូបភាព៖ហ្វេសប៊ុករបស់HRH Crown Prince of Johor

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print