រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ធ្វើការងារជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិ សេរីភាព សុខុមាលភាព និងគុណភាពជីវិតរបស់ជនមានពិការភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ បានអះអាងថា ផ្អែកតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ធ្វើការងារជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិ សេរីភាព សុខុមាលភាព និងគុណភាពជីវិតរបស់ជនមានពិការភាព។

លោកបន្តថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការងារពិការភាព ដោយបានដាក់ចេញ នូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩- ២០២៣ បានកសាងគោលនយោបាយ និងលិខិតបទដ្ឋានជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព។ អតីតយុទ្ធជនពិការ អតីតមន្ត្រីរាជការជាជនមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពគ្រប់ប្រភេទ បានទទួលសេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឥតគិតថ្លៃសេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនមានពិការ។

លោក ឯម ច័ន្ទមករា ថ្លែងបែបនេះ ខណៈឯកឧត្តមចូលរួមនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការជាមួយសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមករបស់សមាជិក សមាជិកាក្រុមប្រឹក្សា សកម្មភាពជនពិការទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាបំពេញបេសកកម្មក្នុងពេលកន្លងមកដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យបានកាន់តែប្រសើរ។

ទន្ទឹមនឹងនោះដែរ លោក ឯម ច័ន្ទមករា ក៏បានថ្លែងថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបានបន្សល់ទុកផលវិបាកជាច្រើននៅក្នុងសង្គមក្នុងនោះមានអត្រាជនមានពិការភាពខ្ពស់។ ទន្ទឹមនោះគ្រោះថ្នាក់ដោយសារគ្រាប់មីនគ្រាប់មិនទាន់ផ្ទុះ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ចរាចរណ៍ កង្វះអាហារូបត្ថម្ភ ជំងឺតម្កាត់ និងពិការដោយមូលហេតុផ្សេងៗ ក៏ធ្វើឱ្យចំនួនជនមានពិការភាពមានការកើនឡើងដែលភាគច្រើនជាជនក្រីក្រនិងងាយរងគ្រោះជាងគេនៅក្នុងសង្គម។

សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារ លើកកម្ពស់សិទ្ធិជនពិការ ត្រូវបានបង្កើតឡើង ឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ជនមាន ពិការភាពនិងបង្កើនការអនុវត្តសិទ្ធិចូលរួមរបស់ជនមានពិការភាពក្នុងសកម្មភាពសង្គម ជនមានពិការភាពបានពង្រឹងភាពម្ចាស់ការរបស់ខ្លួនតាមរយៈ បង្កើតអង្គការតំណាងសហព័ន្ធស្រ្តី ចងក្រងក្រុមជួយខ្លួនឯងនៃជនមានពិការភាព ការរើសអើងជនមានពិការភាព ត្រូវបានកាត់បន្ថយជាច្រើន ហើយសិទ្ធិស្របច្បាប់ របស់ជនមានពិការភាពត្រូវបានការពារនិងលើកកម្ពស់។

សូមបញ្ជាក់ថា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំធ្វើវិសោធនកម្ម ស្របទៅតាមការអភិវឌ្ឍរបស់ប្រទេសជាតិនិងពិភពលោក ដែលដំណើរការរៀបចំច្បាប់នេះ បានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយ ដៃគូរអភិវឌ្ឍសង្គមស៊ីវិលជនមានពិការភាព ក្រសួង-ស្ថាប័នពាក់ព័ន្ធបានជាច្រើនដងមកហើយ៕ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print