ផឹកសុីជុំគ្នាបាត់ទូរស័ព្ទដៃ ទាញកាំបិតពីចង្កេះចាក់ធ្លាយពោះម្ចាស់ផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យដៃដល់១នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះចាក់ដៃគូររួមការផឹកសុីជុំគ្នា បណ្ដាលឲ្យធ្លាយពោះរងរបួសធ្ងន់ នៅគ្រាដែលស្រវឹងស្រឿងៗរៀងៗខ្លួន ដែលបណ្ដាលមកពីទំនាស់ពាក្យសម្ដីគ្នារឿងបាត់ទូរស័ព្ទ ។

 ករណីហិង្សាដោយចេតនាចាក់គ្នាក្នុងវង់ផឹកសុីខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២០ និង៤០នាទី យប់ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅម្ដុំបឹងអំពួចត្រង់ចំណុចផ្ទះជនរងរបួសឈ្មោះ សន ហុីង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ យ៉ាត ពុំ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយគ្នាជនរងរបួសដែរ ។

 មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា មុនដំបូងគេឃើញផឹកសុីជុំគ្នាចំនួន៣នាក់រួមទាំងម្ចាស់ផ្ទះ(រងរបួស)បន្ទាប់មកនៅតែ២នាក់រវាងជនសង្ស័យដៃដល់ និងជនរងរបួស(ម្ចាស់ផ្ទះ) ខណៈនោះជនសង្ស័យដៃដល់(យ៉ាត ពុំ)បានបាត់ទូរស័ព្ទដៃ ដោយចោទជនរងរបួសជាម្ចាស់ផ្ទះ(សន ហុីង)ជាអ្នកយក ប៉ុន្តែជនរងរបួសបានបដិសេធ ស្រាប់តែជនដៃដល់ទាញកូនកាំបិត ដែលដាក់តាមខ្លួនចាក់ចំពោះខាងឆ្វេងរងរបួសធ្ងន់ ។

 ប្រភពដដែលបញ្ជាក់ទៀតថា ភ្លាមៗនោះសមត្ថកិច្ចសហការចុះជួយអន្តរាគមន៍ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបង្ករួមទាំងដកហូតកាំបិតជាវត្ថុតាង ហើយបានបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចំណែកជនរងរបួសចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញភ្លាមៗផងដែរ ៕ ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print