អន្តរជាតិ៖ លោក ដូណាល់ ត្រាំ មុនមួយថ្ងៃនៃការបញ្ចប់តំណែងពីប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៩ មករា ឆ្នាំ២០២១ បានសម្រេចលើកលែង និងបន្ធូរបន្ថយទោសមនុស្សចំនួន៧៣នាក់។ ដោយបុគ្គលមួយចំនួនដែលលោកត្រាំលើកលែងទោសនេះ ក៏មានមនុស្សជំនិត និងអ្នកធ្លាប់ធ្វើការឲ្យលោកតាំងតែពីឆ្នាំ២០១៦ និងតារាចម្រៀង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ លោក ត្រាំ ពុំបានលើកលែងទោសទុកជាមុនដល់ខ្លួនលោក ឬក្រុមគ្រួសាររបស់លោកឡើយ។
បើយោងតាមទីព័ត៌មាន AFP បានចុះផ្សាយថា៖ នៅមុនចប់អាណត្តិមួយថ្ងៃ លោក ត្រាំ សម្រេចលើកលែងទោស និងសម្រាលទោសមនុស្សជាច្រើន។ ម្នាក់ក្នុងចំណោមនោះ គឺលោក Steve Bannon អតីតទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ និងអតីតទីប្រឹក្សាយុទ្ធសាស្ត្រសេតវិមាន។ លោក Bannon ត្រូវចោទពីបន្លំយកប្រាក់ដែលលោក ត្រាំ រៃអង្គាសសម្រាប់សាងសង់ជញ្ជាំងអាមេរិក-ម៉ិកស៊ិកមកប្រើប្រាស់ផ្ទាល់ខ្លួន។
លោក ត្រាំ ក៏លើកលែងទោសផងដែរ ដល់អ្នកធ្លាប់ធ្វើការ និងអ្នកគាំទ្រ។ ជាក់ស្តែង លោកបានលើកលែងទោស លោក Elliott Broidy អ្នករៃអង្គាសប្រាក់កាលការធ្វើយុទ្ធនាការឆ្នាំ២០១៦។ លោក Broidy បានបំពានច្បាប់ស្តីពីការទទួលលុយពីបរទេស និងប្រើប្រាស់ឥទ្ធិពលដើម្បីបម្រើប្រយោជន៍បរទេសមានចិន និងម៉ាឡេស៊ី។ លោក Kwame Kilpatrick អតីតអភិបាលក្រុង Detroit ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ក៏រួចខ្លួនផងដែរ។
ជាមួយគ្នានេះ តារារ៉េប Lil Wayne និង Kodak Black ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំពីការកាន់កាប់អាវុធខុសច្បាប់ក៏ទទួលបានសេរីភាពមុនកាលកំណត់ដែរ។ Lil Wayne ត្រូវបានស្គាល់ថាជាបុគ្គលមួយរូបដែលគាំទ្រលោក ត្រាំ ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
ប៉ុន្តែក្នុងបញ្ជីរបស់លោកត្រាំ ពុំមានឈ្មោះលោកRudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោកឡើយ។ លោកGiuliani ជាអ្នកចេញមុខជំនួសលោកត្រាំក្នុងការប្តឹងជំទាស់លទ្ធផលបោះឆ្នោតទាំងគ្មានភស្តុតាង។ លោក Giuliani ពុំទាន់ជាប់បទចោទអ្វីឡើយ ប៉ុន្តែលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះសកម្មភពរបស់លោកនៅអ៊ុយក្រែន។
សូមជម្រាបថា ចាប់តាំងតែពីឡើងកាន់អំណាចមក លោកត្រាំបានលើកលែង និងបន្ធូរបន្ថយទោសដល់មនុស្សចំនួនជាង១៤០នាក់ ដែលក្នុងនោះរួមមានលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិដែលកុហកសភាអាមេរិកទាក់ទងសំណុំរឿងលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ លោក ត្រាំបលើកលែងទោសឱ្យលោក Paul Manafort អតីតប្រធានាយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវជាប់ពន្ធនាគាររយៈពេល៧ឆ្នាំកន្លះ ពីការបន្លំហិរញ្ញវត្ថុ និងរួមគំនិតរារាំងការស៊ើបអង្កេត។
មិនតែប៉ុណ្ណោះ លោកក៏មានលើកលែងទោសដល់លោក Charles Kushner ដែលជាដន្លងរបស់លោក ដែលត្រូវជាប់ពន្ធនាគារ២ឆ្នាំពីបទល្មើសគេចពន្ធផងដែរ។ កាលពីខែធ្នូ លោក ត្រាំ ក៏លើកលែងទោសដល់សន្តិសុខស៊ីឈ្នួលរបស់ក្រុមហ៊ុនសន្តិសុខឯកជន៤នាក់ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ីរ៉ាក់ហើយត្រូវតុលាការសហព័ន្ធ បានកាត់ទោសបុគ្គលមួយរូបពីបទឃាតកម្ម និង៣រូបពីបទមនុស្សឃាត។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញាអាមេរិក ផ្តល់អំណាចយ៉ាងធំធេង និងគ្មានលក្ខខណ្ឌដល់ប្រធានាធិបតីក្នុងការលើកលែងទោសពិរុទ្ធជនជនជាប់ចោទ និងអ្នកដែលស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការសហព័ន្ធ។ ជាប្រពៃណី ប្រធានាធិបតីអាមេរិកចេញបញ្ជាលើកលែងទោសក្នុងពិធីបុណ្យជាតិធំៗ និងជាពិសេសនៅពេលជិតចប់អាណត្តិដើម្បីចៀសវាងការរិះគន់៕ដោយ៖ស តារា
រូបថត៖AFP