ខេត្តបាត់ដំបង៖ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ MôNy YâNg បានបង្ហោះរូបភាពទាំង២សន្លឹកនេះ កាលពីថ្ងៃទី១៩ មករា ២០២១ដោយសរសេរថា៖ នៅពេល លោកធ្វើដំណើរកាត់មុខហាងលក់នំ «CAKE THAI BY DAV» ដែលមានទីតាំងផ្លូវលេខ3 កែងជាមួយធនាគា ក្នុងក្រុងបាត់ដំបង ក៏បានប្រទះឃើញ នារីខាងលើនេះកំពុងយំ និងព្យាយាមលួងកូនប្រុស នៅមុខហាងលក់នំ (Cake) ។
គណនីហ្វេសប៊ុកដដែលបន្តថា មេីលទៅគួរឲ្យសង្វេគក្នុងចិត្តណាស់ ! នេះហើយ”ទឹកចិត្តម្ដាយ” ចំពោះកូន នាថ្ងៃខួបកំណើត ។ ម្ដាយបានត្រឹមដឹកកូនប្រុស មកមើលហាងលក់នំប៉ុណ្ណោះ ព្រោះមិនមានប្រាក់គ្រប់សម្រាប់ទិញនំទេ ក្មេងតូចនៅពេលដែលឃើញនំខួបកំណើត(Cake) ច្បាស់ជាទាមទារចង់បាន ពេលនោះហើយ ម្តាយព្យាយាមលួងកូន ទាំងសម្រក់ស្រក់ទឹកថា ចាំលើកក្រោយ.. ទៅណា កូនប្រុសម្តាយ.. ។
ប្រភពដដែលបន្តថា នៅពេលនោះដែររូបលោក ក៏បានឈប់សួរនាំស្ត្រីជាម្តាយ ទើបដឹងរឿងរ៉ាវ ហើយនារីរូបនោះ បានប្រាប់ទាំងទឹកភ្នែកថាដោយសារតែគាត់ មានលុយក្នុងខ្លួនតែ៤,០០០រៀលទេ ហើយចំថ្ងៃខួបកូនប្រុសទៀត កូនប្រុសយំទារទិញនំខួបកំណើត គាត់បានត្រឹមលួងកូន ហើយនាំមកមើលហាងនំ តែប៉ុណ្ណោះ ។
បន្ទាប់ពីបុរសខាងលើ បានឮដូច្នោះក៏ដើរចូលទៅក្នុងហាង ហើយទិញនំខេកមួយ យកមកឲ្យក្មួយប្រុសនោះ ស្ត្រីជាម្ដាយក៏បានលើកដៃសំពះនិយាយ អរគុណលោក ហើយក្មេងប្រុសនោះ ក៏សប្បាយចិត្តណាស់ដែរ ។
គួរបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ MôNy YâNg បានបង្ហោះនេះ មិនមែនចង់បានភាពល្បីទេ ប៉ុន្តែចង់ប្រាប់ថា ម្ដាយហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូន ទោះក្រយ៉ាងណាក៏ដោយ សូមកុំធ្វើអ្នកម្តាយមិនសប្បាយចិត្តអី ។ អាសូរណាស់ ម្ដាយគេ ម្ដាយយើង អោយតែកូនចង់បាន ម្ដាយស្វែងរកអោយបានទាំងអស់ (អ្នកម្ដាយកំសត់ គឺជាស្ត្រីទីមួយ ដែលដឹងសុខទុក្ខយើងមុនគេ) រីករាយថ្ងៃខួបកំណើតណាក្មួយប្រុសកំសត់ ធំឡើងក្មួយនឹងក្លាយជាមនុស្សល្អណា ៕ដោយ៖សហការី