សមត្ថកិច្ច​ជំនាញ​ ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ចេញពី​ព្រៃ​

ចែករំលែក៖

ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារលោក វុ សាវី បានឲ្យដឹងថា​ ​​នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកបានដឹកនាំសមត្ថកិច្ចជំនាញចុះបង្ក្រាបឈើខុសច្បាប់ជាក់ស្តែងបានជាង១០ម៉ែត្រគូប ដែលឈ្មួញទុច្ចរិតបម្រុងដឹកចេញទៅទីផ្សារខេត្តកំពង់ធំស្ថិតនៅក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ

លោក វុ សាវី បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបឈើខុសច្បាប់នេះដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធស្រុកជ័យសែន រួមជាមួយជំនាញរដ្ឋបាលព្រៃឈើផងដែរ។ជាក់ស្តែងសមត្ថកិច្ចជំនាញបានរឹបអូសវត្ថុតាងឈើប្រភេទលេខ ស្រឡៅ ចំនួន១៣៤សន្លឹក ស្មើនឹងជាង១០ម៉ែត្រគូប និងគោយន្តកន្ត្រៃដឹកឈើចំនួនគ្រឿងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន កសាងសំណុំរឿងបន្តតាមផ្លូវច្បាប់

លោកព្រះរាជអាជ្ញារងរូបនេះបន្តថា ចំពោះវិធានការបន្ត ក្នុងនាមស្ថាប័នតុលាការ នឹងអនុវត្តប្រកបដោយតម្លាភាព និងមិនមានការលើកលែងចំពោះសកម្មភាពទាំងឡាយក្នុងការដឹកជញ្ជូន និងការកាប់បំផ្លាញព្រៃឈើជាដាច់ខាត ដើម្បីចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិដែលនៅសេសសល់អោយនៅគង់វង្ស

ដោយឡែកជុំវិញបញ្ហានេះដែរ​ ​ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បានលួចបង្ហេីបប្រាប់ថា បច្ចុប្បន្នឈ្មួញទុច្ចរិតជារៀងរាល់ថ្ងៃតែងតែដឹកជញ្ជូនឈើចេញពីព្រៃមកគរទុក និងខ្លះទៀតបានយកមកផ្ញើទុកនៅផ្ទះអ្នកភូមិ បន្ទាប់មកពួកគេបានប្រើប្រាស់រថយន្តសាំយ៉ុកែច្នៃដឹកចេញនៅពេលយប់មិនញញើតសមត្ថកិច្ចនោះឡើយ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print