ខេត្ដឧត្ដមានជ័យ៖ លោក សរ ថាវី អភិបាលនៃគណៈអភិបាលខេត្ដឧត្ដរមានជ័យបានកោះប្រជុំបន្ទាន់មួយរវាងស្ថាប័នពាក់ព័ន្ធប្រចាំការនៅបណ្ដាច្រកទ្វារអន្ដរជាតិ បន្ទាប់ពីឃើញមានការបង្ហោះ ឃ្លីបវីដេអូមួយទាក់ទិននឹងរឿងមន្ដ្រីគយច្រកអន្ដរជាតិជាំសាង៉ាំដុតបំផ្លាញទំនិញពលករអូសរទេះម្នាក់ ។ ក្នុងនោះលោក អភិបាលខេត្ដបានលើកឡើងអំពីបញ្ហា កុងត្រូលជជុះដោយក្រុមអាជីវករ និង ប្រជាពលរដ្ឋដែលបានដឹកទំនិញមកពី ប្រទេសថៃដោយមានការបង់ពន្ធនៅ ច្រកទ្វារអន្ដរជាតិជាំសាង៉ាំរួចហើយគឺ មិនត្រូវបង់ឱ្យកុងត្រូលជជុះនៅតាមដងផ្លូវទៀតឡើយ ។
តែទោះជាយ៉ាងណាក្រុមអាជីវករនិង ប្រជាពលរដ្ឋនៅតែត្អូញត្អែរថាក្រោយពីមានការបង់ពន្ធនៅច្រកអន្ដរជាតិជាំ សាង៉ាំរួចពួកគាត់ត្រូវបង់ឱ្យកុងត្រូលជជុះចំនួន៣កន្លែងផ្សេងទៀត ដែលមាន៣ ស្ថាប័នគឺនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរ មានជ័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងនិងគយចល័តក្រសួង ដែលបានបោះទីតាំង ស្ថិតនៅក្នុងភូមិ ជើងភ្នុំ ឃុំត្រញំងប្រិយ ស្រុកអន្លង់វែង ។
ស្ថាប័នដែលបានដាក់កុងត្រូលជជុះ ខាងលើគឺមិនបានបំពេញតួនាទីទៅតាមបទបញ្ជាផ្ទៃក្នុងអង្គភាពរបស់ខ្លួនដោយមិនបានពិនិត្យទៅលើទំនិញណាមួយនោះទេគឺអង្គុយចាំរាប់តែក្បាលរថយន្ដដឹក ទំនិញយកលុយដាក់ក្នុងហោប៉ៅខ្លួនតែ ប៉ុណ្ណោះ ។ ក្រុមអាជីវករសុំមិនបញ្ចេញ ឈ្មោះបានឱ្យដឹងថាពួកគាត់ដឹកទំនិញ បន្ដិចបន្ដួចយកមកលក់ត្រូវបានបង់នៅច្រកទ្វាររួចត្រូវបង់ឱ្យស្ថាប័នបីផ្សេងទៀតគឺនគរបាលប្រឆាំងបទល្មើស២ស្ថាប័ន និងគយចល័តក្រសួងមួយស្ថាប័នផ្សេង ទៀតអស់ចំណេញដោយត្អូញត្អែរថា មួយៗរកស៊ីចិញ្ចឹមតែប្ដីគេរីឯខ្លួនឯង ស៊ីអត់ស៊ីឃ្លាន ៕
ដោយ៖ ប៉ែន នួន