ជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ កូរ៉េខាងជើងបានព្រមានកម្ទេចឲ្យសាបសូន្យតែម្តងចំពោះទាហានអាមេរិក និងសម្ពន្ធមិត្តកូរ៉េខាងត្បូង ដែលគ្រោងធ្វើសមយុទ្ធកម្លាំងយោធារួមគ្នានៅក្នុងខែមីនា ឆ្នាំ២០១៦នោះ ។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េបាននិងកំពុងឡើងកម្តៅខ្លាំងឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយកាលពីកន្លងទៅថ្មីៗនេះ ។
ប្រមុខដឹកនាំកូរ៉េខាងជើងតែងតែថ្កោលទោសចំពោះសកម្មភាពធ្វើសមយុទ្ធកម្លាំងយោធារួមរវាងអាមេរិក នឹងកូរ៉េខាងត្បូងជាប្រចាំឆ្នាំនោះ ។ ទីក្រុងព្យុងយ៉ាងបានចាត់ទុកថា សកម្មភាពធ្វើសមយុទ្ធរួមនេះជាការប្រុងប្រៀបក្នុងផែនការឈ្លានពាន និងបង្កើតសង្គ្រាមជាមួយកូរ៉េខាងជើង ហើយកូរ៉េខាងជើងប្តេជ្ញាថា នឹងចាត់វិធានការសងសឹកចំពោះទង្វើដ៏គឃ្លើនទាំងនោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មេបញ្ជាការកងទ័ពប្រជនកូរ៉េបានបញ្ជាក់ថា គ្រប់គោលដៅយុទ្ធសាស្ត្រទាំងអស់នៃកងកម្លាំងបដិវត្តន៍របស់យើងនឹងធ្វើសកម្មភាពតបតចំពោះពួកខ្មាំងសត្រូវរហូតដល់ទីបំផុត ប្រសិនបើពួកសត្រូវហ៊ានតែធ្វើសកម្មភាពនូវអ្វីដែលគេហៅថា ប្រតិបត្តិការកាត់ក្បាល ស្អីគេនោះ ។
ប្រភពបន្តថា គោលដៅទីមួយរបស់ខ្លួនគឺផ្តោតទៅលើវិមានពណ៌ខោវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ហើយគោលដៅទី២ ទីបន្ទាយយោធាអាមេរិកទាំងនៅលើអាស៊ី និងនៅដីគោក ។ កងកម្លាំងយោធាអាមេរិកប្រមាណ២៨.៥០០នាក់បាននិងកំពុងស្ថិតនៅក្នុងបន្ទាយប្រទេសកូរ៉េខាងត្បូង ។
កាលពីសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ បានថ្លែងព្រមានយ៉ាងខ្លាំងៗថា កូរ៉េខាងត្បូងនឹងចាត់វិធានការប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីរដ្ឋឯកោមួយនេះបាញ់សាកល្បងអាវុធបរមាណូកាលពីខែមករា ឆ្នាំ២០១៦ និងការបាញ់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីប៉ុន្មានថ្ងៃកន្លងមក ។ លោកស្រីផាក យុងហេ បានថ្លែងថា ការចង់បានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជផងនឹងធ្វើឲ្យរបបនេះរលាយហិនហោចជាក់ជាមិនខាន ។
កូរ៉េខាងត្បូង និងអាមេរិកបានមើលឃើញថា សកម្មភាពបាញ់សាកល្បងអាវុធបរមាណូ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងនោះបានរំលោភទៅលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ប្រទេសទាំងពីរបានជំរុញឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរបបទីក្រុងព្យុងយ៉ាង ។
នៅប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ កូរ៉េខាងត្បូងបានផ្អាក់រាល់ដំណើរការនៅសួនឧស្សាហកម្មកាត់ដេររួមកែស៊ុង(Kaesong ) ដែលស្ថិតនៅព្រំដែនភាគខាងជើងនោះជាមួយកូរ៉េខាងជើង ។ សួនឧស្សាហកម្មនេះជាសួនឧស្សាហកម្មរួមរវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ដែលមានរយៈពេលរាប់ទសវត្សរ៍មកហើយ ។
រដ្ឋឯកោកូរ៉េខាងជើង និងប្រទេសអ្នកមានកូរ៉េខាងត្បូង ទាំងពីរនេះបាននិងកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងការផ្ទុះសង្គ្រាមគ្រប់ពេលវេលា ។ បន្ទាប់ពីសង្គ្រាមឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ កូរ៉េទាំងពីរមិនទាន់មានសន្ធិសញ្ញាសន្តិភាពនៅឡើយទេ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត