អន្តរជាតិ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីល្ងាចថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១ បានបង្ហោះនៅលេីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថាលោកធ្វេីតេស្តវិជ្ជមានកូវីដ–១៩។ ប៉ុន្តែលោក សង្កត់ធ្ងន់ថា លោកស្ថិតក្នុងស្ថានភាពប្រក្រតី ដោយទទួលការព្យាបាល។
លោក Lopez Obrador បានសរសេរក្នុង Twitter យ៉ាងដូច្នេះថា៖«ខ្ញុំសោកស្តាយដោយជម្រាបជូនថា ខ្ញុំមានកូវីដ–១៩។ ស្ថានភាពមិនធ្ងន់ធ្ងរទេ ខ្ញុំក៏បានទទួលការព្យាបាលរួចហើយ។ ខ្ញុំមានសុទិដ្ឋិនិយម ហើយយើងបន្តដំណើរទៅមុខទាំងអស់គ្នា»។
បន្ថែមពីនេះ ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានបញ្ជាក់ថា លោកនឹងបន្តការងារពីវិមានប្រធានាធិបតី ដែលក្នុងនោះមានគម្រោងហៅទូរសព្ទទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទាក់ទងនឹងវ៉ាក់សាំង Sputnik V នាថ្ងៃចន្ទ ខាងមុខ។
មិនតែប៉ុណ្ណោះលោក Lopez Obrador ត្រូវបានគេសង្កេតឃើញថា មិនសូវចូលចិត្តពាក់ម៉ាស់នោះឡើយ បើទោះបីជាទទួលរងនូវការរិះគន់ក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមប្រទេសចំនួន១៨ ដែលមានករណីឆ្លងកូវីដ–១៩លើស១លានករណី ហើយមានអ្នកស្លាប់ជិត១៥ម៉ឺននាក់ ដែលច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា៕ដោយ៖ស តារា
រូបភាព៖CNN