ភ្នំពេញ៖ មានករណីបាត់ក្មេងស្រី-ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ជាសិស្សសាលាប៊ែលធី អន្តរជាតិ (BELTEI International School) ផ្សារដើមថ្កូវ បានបាត់ខ្លួននៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កងកម្លាំងសមត្ថកិច្ច និងការព្រួយបារម្ភយ៉ាងខ្លាំងដល់ឪពុកម្តាយក្រុមគ្រួសារសាច់ញាតិរបស់ក្មេងរងគ្រោះ ។
យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់អះអាងប្រាប់សមត្ថកិច្ចឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ កី សុខាលីតា អាយុ១៣ឆ្នាំ សិក្សានៅសាលាប៊ែលធី អន្តរជាតិ ផ្សារដើមថ្កូវ បានបាត់ខ្លួននៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ហើយបានទូរស័ព្ទប្រាប់មកម្តាយថា “ជួយកូនផង !” ។ បន្ទាប់មកទៀត ក៏ទូរស័ព្ទចូលតាមរយៈប្រព័ន្ធ GPS ដោយចង្អុលប្រាប់អំពីទីតាំងក្មេងស្រីរងគ្រោះឋិតនៅ គឺផ្ទះលេខD9E ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លុះដល់កងកម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យឆែកឆេរនៅវេលាម៉ោងប្រមាណ១៥រសៀលនាថ្ងៃដដែល បែរជារកមិនឃើញវត្តមានក្មេងស្រីរងគ្រោះឡើយ ។
ក្រុមគ្រួសារសាច់ញាតរបស់ក្មេងស្រីរងគ្រោះ បានសម្តែងនូវការមន្ទិលសង្ស័យពាក់ព័ន្ធនឹងករណីបាត់ខ្លួនកូនរបស់ខ្លួននេះ គឺអាចមានគេចាប់យកទៅបាត់ ៕
ដោយ៖ សុខ ខេមរា