សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពីភាក្សាការងារទ្វេរភាគី ជាមួយ ឯកឧត្តម ម៉ាសាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ផ្លវូការ នៅព្រះរាជាណាចក្រជប៉ុន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពីភាក្សាការងារទ្វេរភាគី ជាមួយ ឯកឧត្តម ម៉ាសាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានព្រឹទ្ធសភាជប៉ុន បានថ្លែងស្វាគមន៍ ចំពោះគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុននាពេលនេះ។

ឯកឧត្តមប្រធានព្រឹទ្ធសភាជប៉ុន ក៏បានថ្លែងអបអរសាទរ ចំពោះខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូត ជប៉ុន – កម្ពុជា និងការដែលឯកឧត្តម បានឯកភាពគ្នាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នងការបង្កើនទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ឲ្យក្លាយ ជាដៃគូយុទ្ធសាស្រ្ត។

ជាការឆ្លើយតប សម្តេចភក្តី បានសម្តែង នូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធាន ដែលបានផ្តល់កិត្តិយសអញ្ជើញសម្តេច ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុននេះ។

សម្តេច សម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា នៅប្រទេសជប៉ុននាពេលនេះ ពិតជាបានរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅថែមទៀត និងជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ព្រមទាំងស្ថាប័ននីតិបញ្ញាតិទាំងពីរផងដែរ ទាំងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចភក្តី បានមានប្រសាសន៍បន្តថា ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ និងរក្សាស្ថេរភាពនយោបាយកម្ពុជា ហើយក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ប្រទេសជប៉ុនផ្តល់ជំនួយធំជាងគេបំផុតដល់កម្ពុជា។ ប្រជាជនកម្ពុជា ចងចាំជានិច្ចចំពោះ ពលីកម្មដ៏ធំធេងរបស់កងកម្លាំងនគរបាល និងអ្នកស្ម័គ្រចិត្តជប៉ុន ដែលបានពលីជីវិត នៅក្នុងបេសកកម្មរក្សាសន្តិសុខ សន្តិភាពនៅកម្ពុជាក្នុងក្របខណ្ឌអ៊ុនតាក់។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញគ្របដណ្តប់លើច្រើនវិស័យ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ជំនួយសម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោត សាលាក្តីខ្មែរក្រហម ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជួសជុលកែលម្អឡើងវិញប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ការអភិវឌ្ឃន៍ធនធានមនុស្ស អគ្គីសនី ទឹកស្អាត ផ្តល់អ្នកស្ម័គ្រចិត្ត និងអ្នកជំនាញការអមក្រសួង-ស្ថាប័នរដ្ឋ មួយចំនួននៅកម្ពុជា។

ការផ្លាសប្តូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានការកើនឡើង។ ទេសចរណ៍ជប៉ុនឈរនៅលំដាប់លេងរៀងទី៧។ គម្រោងវិនិយោគទុនជប៉ុនទាំងតូច ទាំងធំ មានសរុបចំនួន ១,១៥៥ ដែលមានសកម្មភាពក្នុងវិស័យផ្សេងៗរូមមាន៖ ធនគារ ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ការកែច្នៃឈើ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ផ្សារទំនើបអ៊ីអនម៉ល។ ជប៉ុនបានផ្តល់នូវការអនុគ្រោះពន្ធ និងការលើកលែងពន្ធគយ និងកូតាជាច្រើនវិស័យសម្រាប់ទំនិញនាំចូលពីកម្ពុជា។

សម្តេចភក្តី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីជប៉ុន នៅលើឆាកអន្តរជាតិ ដែលបាននាំនូវស្ថេរភាព សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ កម្ពុជា-ជប៉ុន បាននឹងកំពុងបន្តគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ផលប្រយោជន៍តំបន់ និងអន្តរជាតិ។

សម្តេច នៅបានថ្លែងអបអរសាទរ ចំពោះការហោះត្រង់ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញ និងពីទីក្រុងភ្នំពេញទៅទីក្រុងតូក្យូ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខ និងអបអរសាទរ ចំពោះការបើកមន្ទីរពេទ្យ KITAHARA របស់ជប៉ុននៅភ្នំពេញ នាខែឧសភា ឆ្នាំ២០១៦ ខាងមុខផងដែរ៕

image

image

image

image

image

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print