ខេត្តពោធិសាត់៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពក្មេងស្រី អាយុប្រហែល ៦ ឆ្នាំមា្នក់ អណ្តែតទឹកស្រះរបស់អ្នកភូមិ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ជាង១១ព្រឹក ថ្ងៃទី២៣ ខែ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងស្រះរបស់អ្នកភូមិ ក្នុងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈដែលឪពុកម្តាយ បានបាត់កូនស្រី តាំងពីវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ។
សពក្មេងស្រី ដែលគេប្រទះឃើញ រួមនឹងកង់នោះ ឈ្មោះ សោម បញ្ញា អាយុ៦ឆ្នាំ មានឪពុកឈ្មោះ នី និងម្តាយឈ្មោះ ចន្ថា រស់នៅ ភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមឪពុកម្តាយកុមារីរងគ្រោះ បានរៀបរាប់ថា គាត់បានបាត់កូនស្រី តាំងពីវេលាម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ មកម្ល៉េះ។ កូនរបស់ខ្លួន ជាញឹកញយ តែងតែជិះកង់ដើរលេង នៅក្បែរភូមិ។
នៅវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្រាប់តែអ្នកភូមិ បានមកប្រាប់ថា កូនរបស់ពួកគាត់ លង់ទឹកស្លាប់ បាត់ទៅហើយ។
កម្លាំងសមត្ថកិច្ចបានពិនិត្យលើសាកសពក្មេងស្រី រងគ្រោះ ហើយសន្និដ្ឋានថា ការលង់ទឹកស្លាប់នេះ គឺបណ្តាលមកពីក្មេងស្រីនេះ ជិះកង់ដើរលេងលើផ្លូវក្បែរស្រះទឹក ហើយធ្លាក់ចូលក្នុងស្រះ ដោយគ្មាននរណាដឹង ថែមទាំងមិនចេះហែលទឹកទៀត៕
ដោយ៖ សហការី