សាខាកាកបាទក្រហមរាជធានីភ្នំពេញផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការពិនិត្យផ្ទៃពោះ និងថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ ព្រឹកថ្ងៃទី២៦ ខែមករានេះ បានធ្វើការផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកល នៃជម្ងឺកូវីដ-១៩ ដើម្បីអបអរសាទរទិវាជាតិ សុភាព មាតា ទារក និងកុមារ  ជូនដល់បងប្អូនស្រ្តី នៅសង្កាត់គោករកា។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានសង្កាត់ទាំង៥ ព្រមទាំងបាននាំយក អំណោយកាកបាទក្រហមកម្ពុជា និងអំណោយរបស់សប្បុរសជននានា ជូនដល់ពួកគាត់ផងដែរ។​ ជាពិសេសទៀតនោះគឺបានចែកជូននូវ ម៉ាស  អាល់កុល សាប៊ូលាងដៃ និងជែល សម្រាប់លាងដៃទៀតផង។ ក្រៅពីនេះនៅ បានចុះអប់រំ ផ្សព្វ ផ្សាយពីវិធីសាស្ដ្រក្នុងការពារ ទប់ស្កាត់នៃការឆ្លងជម្ងឺកូវីដ១៩ តាមគោលការណែនាំរបស់ក្រសួងសុខាភិបាលថែមទៀត។

លោកស្រី ម៉ែន នារីសុភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជាបាន យកចិត្តទុកដាក់ខ្ពស់ ចំពោះ មាតា ទារក និងកុមារ  ព្រោះថាកន្លងមកក៏ដូចជាបច្ចុប្បន្ន ក្រៅពីការជួយទំនុបំរុង ដល់ជនរងគ្រោះដោយសារ គ្រោះធម្មជាតិ ឬ ឧបទ្ទវហេតុ ផ្សេងៗ កាកបាទក្រហមកម្ពុជា តែងតែបានជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងរៀបចំកម្មវិធី ផ្សព្វផ្សាយការយល់ដឹង ដល់ស្ដ្រី ពីការថែទាំសុខភាពរបស់ម្ដាយ និងកូនទាំងមុនពេល និងក្រោយពេលសម្រាល ដើម្បីឲ្យពួកគេចៀសផុតពីគ្រោះថ្នាក់ និង មានសុខភាពមាំមួន ។ 

លោកស្រី ម៉ែន នារីសុភ័គ បានលើកឡើងថា ជំងឺកូវីដ១៩ មិនទាន់ទៅណាទេ វានៅរស់រានមានជីវិតនៅឡើយ វាមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចជាតិ និងពិភពលោក ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញជីវិតមនុស្ស អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ថែមទៀតផង។ ប៉ុន្ដែអ្វីដែលអាចទប់ស្កាត់វាបានគឺត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

លោកស្រី បន្ដថា ដើម្បីលើកម្ពស់ការយល់ដឹង ពីការថែទាំសុខភាពមាតានិងទារកឲ្យកាន់តែទូលំទូលាយ ថែមទៀតនោះ នៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ កាកបាទក្រហមកម្ពុជា នឹងរៀបចំកិច្ចពិភាក្សា ស្ដីពីការថែទាំសុខភាពមាតានិងទារក ដោយបានអញ្ជើញ អ្នកជំនាញ ជាច្រើនរូបមកជជែកវែកញែកតាមកម្មវិធីទូរទស្សន៍  ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសស្ដ្រី បានយល់ដឹងកាន់តែច្បាស់ ពីរបៀបរបបក្នុងការរស់នៅ ការថែទាំសុខភាព របស់ស្ដី្រ កុមារ និង ទារកឲ្យបានកាន់តែប្រសើរ ។ 

ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយកអំណោយ ១ចំនួនជូនដល់ស្ដី្រដែលបានចូលរួមចំនួន៣៦នាក់ ក្នុងម្នាក់ទទួលបាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា៥ម៉ឺនរៀល៕ដោយ៖ ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print