សម្ដេចក្រឡាហោម ស ខេង៖ ការធ្វើកំណែទម្រង់គ្រប់វិស័យ គឺដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ,បើយោងតាមអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោម បានលើកឡើងដែរថា ចំពោះវិស័យនគរបាល ក៏មានការកែទម្រង់ដែរ ដោយរិះរកវិធីដោះស្រាយឲ្យមន្ត្រីដែលមិនចេះអក្សរ ឬខ្វះចំណេះដឹង អាចបានរៀនសូត្របន្ថែម ឬបំពេញការងារអ្វីដែលពួកគាត់អាចធ្វើបាន តួយ៉ាងដូចជានគរបាលព្រំដែន ដែលមានភារកិច្ចធ្វើការនៅតាមព្រំដែន ត្រូវទទួលបានការបណ្ដុះបណ្ដាលកម្រិតសមត្ថភាព ឲ្យពេញលេញ ដើម្បីបំពេញការងារក្នុងការការពារបូរណភាពទឹកដីបានដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា កំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ ដោយមិនមែនផ្ដោតតែលើវិស័យនគរបាលនោះទេ ហើយការធ្វើកំណែទម្រង់នេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ។ សម្ដេចក្រឡាហោម បានបន្ថែមថា ការកែប្រែអ្វីដែលមិនមានល្អឲ្យទៅជាល្អ និងមានលក្ខណៈប្រសើរឡើង ទើបគេហៅថាកំណែទម្រង់ ជាពិសេសសម្រាប់ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ពោលគឺមិនសំដៅតែលើបុគ្គលណានោះឡើយ។

ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់លើគ្រប់វិស័យនេះ សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ នឹងរួមគ្នាធ្វើកំណែទម្រង់នេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print