ភ្នំពេញ៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េNews) ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា , វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍បានបង្ហោះសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសកម្មករនិយោជិត ឱ្យចូលរៀនវគ្គខ្លីរយៈពេល ៤ខែ ( មិនបង់ថ្លៃ-Free ) លើមុខជំនាញអគ្គិសនី ម៉ាស៊ីនត្រជាក់ ចុងភៅ ស្រាក្រឡុក ដុតនំប៉័ងជាដើម។
វគ្គសិក្សានេះគឺសម្រាប់បងប្អូនកម្មករនិយោជិតដែលបានព្យួរការងារ ឬបាត់បង់ការងារដោយសារជំងឺកូវីដ-១៩ ហើយដែលវគ្គសិក្សានេះជាវគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1)។
ចំណុចពិសេសនៃវគ្គសិក្សារយពេលខ្លីនេះគឺ វគ្គសិក្សាដោយមិនបង់ថ្លៃ – Free និងថែមទាំងមានផ្តល់ជាប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងមួយខែដល់សិស្សផងដែរ។
សម្រាប់បងប្អូនកម្មករ និយោជិតខ្មែរយើង ដែលនៅក្នុងប្រទេសកម្ពុជា ហើយមានបំណងចង់រៀនវគ្គសិក្សានេះ សូមទំនាក់ទំនងេលេខទូរស័ព្ទ៖ 087 557 772 / 010 548 426។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) គឺជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្តល់កម្មវិធីបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (វគ្គខ្លី) រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត / Master’s Degree) លើមុខជំនាញសំខានៗច្រើនដូចជា ព័ត៌មានវិទ្យា គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងពាណិជ្ជកម្ម ភាសាអង់គ្លេស ទេសចរណ៍និងបដិសណ្ឋារកិច្ច ម៉ាឃីតធីង សហគ្រិនភាព និងនវានុវត្តន៍ សក់និងសម្ផស្ស អគ្គិសនី ម៉ាស៊ីនត្រជាក់ ជាងផ្សារ ការងារកំបោរ និងមុខជំនាញដទៃទៀត៕
ដោយ, សិលា