បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវ និងជ្រុលទៅបុកស្លាកប៉ាណូស្រាបៀរហ្គេនស្បឺកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយឡេនឌ័របោះពួយយ៉ាងល្បឿន ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវហោះទៅបុកបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកបណ្តាលឲ្យរថយន្តក្រឡាប់មួយជុំខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង៣០ម៉ែត្ររួចហោះទៅបុកនឹងបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកបណ្ដាលទ្រេតបង្គោលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print