ថែរក្សាប្រវត្តិសាស្រ្ត៖ អ៊ីហ្ស៊ីខម មជ្ឈមណ្ឌលឯកសារកម្ពុជា និង USAID រួមគ្នាបង្កើតមូលដ្ឋានទិន្នន័យសម្រាប់​រក្សាទុកឯកសារពីរបប​ខ្មែរក្រហម

ចែករំលែក៖

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានប្រកាសនៅ​ថ្ងៃនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោមគម្រោងការអភិវឌ្ឍច្នៃបង្កើត (Development Innovations) ដែល​អនុវត្តដោយក្រុមហ៊ុនឯកជន DAI ដើម្បីរៀបចំដំឡើងប្រព័ន្ធដែលមានសុវត្ថិភាពនិងសន្តិសុខមួយ ដើម្បីរក្សាទុកទិន្នន័យប្រវត្តិសាស្រ្តដ៏ច្រើនសន្ធឹកសន្ធាប់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ។

អស់រយៈពេលពីរទសវត្សមកហើយ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលនិងរក្សាទុកនូវកំណត់ត្រា​​ជាប្រវត្តិសាស្រ្ត អំពីរបបកម្ពុជាសាធារណៈ ឬរបបខ្មែរក្រហម ។ ឯកសារទាំងនេះ ជាឯកសារកំណត់ត្រា ​ដែលចូលរួមចំណែក បំពេញបន្ថែមលើការអះអាងរបស់អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម ដែល​ឡើង​ធ្វើ​ជាសាក្សីនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញចំពោះមុខតុលាការ ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានចូលរួម​លើក​កម្ពស់ការអប់រំអំពីរបបខ្មែរក្រហមនៅតាមសាលារៀន និងសាកលវិទ្យាល័យ​ផងដែរ ។ ហើយដើម្បី​ថែរក្សា​​កេរ្តិ៍តំណែលរបស់ខ្លួន មជ្ឈមណ្ឌលបានបោះពុម្ពផ្សាយសៀវភៅឯកសារជិតសាមសិប​ក្បាលអំពីរបប​ខ្មែរក្រហមក៏ដូចជាចេញផ្សាយទស្សនាវដ្តីជាប្រចាំទៀតផង ។ បន្ថែមពីនេះ មជ្ឈមណ្ឌលកំពុងមានគម្រោង​បង្កើតជាសារមន្ទីរ និងមជ្ឈមណ្ឌលស្រាវជ្រាវអចិន្រ្តៃយ៍ លើរបបខ្មែរក្រហម។

មជ្ឈមណ្ឌលបានឲ្យដឹងថា ការរក្សាទុកបណ្តុំទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ នៅលើឧបករណ៍ផ្ទុក​ទិន្នន័យធម្មតា ដូចជា ឌីសរឹង (hard disk) ជាដើម អាចប្រទះនឹងហានិភ័យមួយចំនួន ។ ឌីសរឹង អាចធ្លាក់​បាក់បែក ឬត្រូវគេលួចលុបចោលដោយងាយស្រួល ដែលធ្វើឲ្យទិន្នន័យដ៏សំខាន់ជាច្រើន អាចត្រូវបាត់​បង់។

លោកបណ្ឌិត អេង កុកថៃ អគ្គនាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា “យើងមាន​ទិន្នន័យសំខាន់ៗ ដែលមិនអាចកាត់ថ្លៃបាន សរុបជាង១៦៦ តេរ៉ាបៃ (terabyte) ហើយការដែលយើង​ប្រើ​ប្រាស់​​តែ​វិធីសាស្រ្តមូលដ្ឋាន ក្នុងរក្សាទុកទិន្នន័យបែបនេះ គឺជាការលំបាក និងមានហានិភ័យខ្ពស់ណាស់ ។ យើងត្រូវធ្វើយ៉ាងណា ដើម្បីធានាថា ទិន្នន័យកំណត់ត្រាទាំងអស់នេះ មានការការពារសុវត្ថិភាពឲ្យបានល្អ​ប្រសើរ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា” ។

តាមរយៈជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម បូកផ្សំនឹងសមត្ថភាពរបស់ក្រុមហ៊ុន DAI ក្នុងការ​បង្កើត​ដំណោះស្រាយច្នៃប្រឌិត និងបទពិសោធរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការ​ប្រមូលផ្តុំឯកសារ​ប្រវត្តិសាស្ត្រ គោលបំណងនៃកិច្ចសហការនេះ សំដៅបង្កើតប្រព័ន្ធមួយ ដែលមាននិរន្តរភាព និងសុវត្ថិភាព ឈានទៅ​ដល់ការធានាបាននូវការថែរក្សាកំណត់ត្រាដ៏សំខាន់នេះ សម្រាប់មនុស្សជំនាន់ក្រោយ ។

លោក Paul Blanche-Horgan ប្រធានក្រុមហ៊ុនអ៊ីហ្ស៊ីខម បានចែករំលែកឲ្យដឹងថា ប្រព័ន្ធរក្សាទុកទិន្នន័យ​ថ្មីនេះនឹងភ្ជាប់ទៅកាន់ម៉ាស៊ីនមេ (server) ជាច្រើននៅក្នុងទីតាំងមានសុវត្ថិភាពហើយរាល់​ទិន្នន័យដែល​បញ្ចូលថ្មី​បន្ថែម នឹងត្រូវបានការពារទុក (back up) ភ្លាមៗ ។

លោកបន្ថែមថា ប្រព័ន្ធរក្សាទុកទិន្នន័យនេះ នឹងលេចចេញជារូបរាងឡើងនៅចុងខែកក្កដាខាងមុខនេះ ហើយ​នឹងមានភាពបត់បែនខ្ពស់ ដើម្បីបំពេញតម្រូវការក្នុងការរក្សាទុកទិន្នន័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ។

លោក Paul Blanche-Horgan បានមានប្រសាសន៍បន្ថែមទៀតថា “បន្ថែមពីការធ្វើឲ្យឯកសារកាន់តែមាន​សុវត្ថិភាពយើងបានរៀបចំប្រព័ន្ធនេះឡើង ដើម្បីធ្វើឲ្យកិច្ចការរក្សាទុកទិន្នន័យមានភាពកាន់តែងាយស្រួល និងជាជំនួយដល់មជ្ឈមណ្ឌលអាចបន្តធ្វើកិច្ចការដ៏សំខាន់នេះដោយរលូន ។ យើងចង់ប្រើប្រាស់បច្ចេកវិទ្យា ដើម្បី​ជំរុញការអភិវឌ្ឍនិងបង្កើតសហគមន៍ដែលល្អប្រពៃមួយ ។”

គម្រោងការអភិវឌ្ឍច្នៃបង្កើតរបស់ទីភ្នាក់ងារ USAID បានបង្កើតភាពជាដៃគូយូរអង្វែង​ជាមួយក្រុមហ៊ុន អ៊ីហ្ស៊ីខម ក្នុងការផ្តល់សេវាអ៊ីនធឺណិតសម្រាប់គម្រោងនេះ និងការគាំទ្រព្រឹត្តិការណ៍សាធារណៈ ដែលបង្ហាញ​ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនៅប្រទេសកម្ពុជា និងជុំវិញពិភពលោក ។

...

លោកស្រី Rebecca Black ប្រធានបេសកកម្ម ទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា “តាមរយៈការរក្សា​កំណត់ត្រាទាំងនេះ និងការបង្កើតទៅជាប្រព័ន្ធរក្សាទុកទិន្នន័យឌីជីថលអចិន្រ្តៃយ៍បែបនេះ គឺយើង​កំពុងអភិរក្ស​ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលមិនអាចបំភ្លេចចោលបាន និងចូលរួមចំណែកធានាថា មនុស្សជំនាន់ក្រោយ​អាចមានឱកាសមើលខ្សែភាពយន្តរូបថត អត្ថបទ និងខ្សែអាត់សំលេងទាំងអស់នេះ ។”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print