ខេត្តសៀមរាប ៖ ភ្ញៀវជនបទេសម្នាក់បានស្លាប់នៅក្នុងសណ្ឋាគារ Regentcy ជាន់ទី៣នៃបន្ទប់លេខ៣២២ ក្នុងក្រុងសៀមរាប ដោយសារជំងឺបេះដូង ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសណ្ឋាគារ Regentcy ជាន់ទី៣បន្ទប់លេខ៣២២ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយឯក ចៅ ម៉ៅ វីរៈ ស្នងការរងទទួលការងារជនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបុគ្គលិកសណ្ឋាគារនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦មកថា មានជនបរទេសម្នាក់ស្លាប់នៅបន្ទប់លេខ៣២២ ទើបលោកបានដាក់កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។លោកបានបន្តថា កម្លាំងនគរបាលការិយាល័យបច្ចេកទេសបានធ្វើកោសល្យវិច្ឆ័យទៅលើខ្លួនជនរងគ្រោះ រកឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
លោកបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ CRUSAFON MORRAL FRANCISCO ភេទប្រុសអាយុ៦៥ឆ្នាំ ជាជនជាតិ អេស៉្បាញ ជាភ្ញៀវបរទេសទេសចរ កាន់លិខិតឆ្លងដែនលេខ AAB 638419 ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៦ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រួចបន្តដំណើមកខេត្តសៀមរាបបានចូលស្នាក់នៅក្នុងសណ្ឋាគារ Regentcy ជាន់ទី៣បន្ទប់លេខ៣២២ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកបញ្ជាក់ថា សពជនរងគ្រោះ ក្រោយពីពិនិត្យរួចមកផ្អែកតាមការពិនិត្យរបស់កម្លាំងការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសពជនជាតិ អេស៉្បាញ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរខេត្តសៀមរាប ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ ជានិរន្ដរ៍