ក្រុមបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍ថា “ពួកគេ«ខ្ពើមរអើម»បន្ទាប់ពីកីឡាករ Axel Tuanzebe និងកីឡាករAnthony Martial ត្រូវបានគេរំលោភបំពានការរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមដោយសរសេរថា “មនុស្សល្ងីល្ងើរល្ងង់ខ្លៅ” បន្ទាប់ពីការចាញ់ក្រុម Sheffield United កាលពីថ្ងៃពុធ។
ខ្សែបម្រើរបស់ក្លិបបិសាចក្រហមកីឡាករ Scott McTominay បានសរសេរនៅលើបណ្តាញសង្គមថា ”ខ្ញុំពិតជាស្អប់ខ្ពើមនឹងអ្វីដែលខ្ញុំបានអាននៅព្រឹកនេះ”។
ប្រធានក្រុមបិសាចក្រហមកីឡាករ Harry Maguire ក៏បាននិយាយដែរថា ”ក្លិបបិសាចក្រហម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ យើងនឹងមិនអត់ឱនឱ្យទេ” ។
អតីតខ្សែការពាររបស់ក្លិបបិសាចក្រហមលោក Rio Ferdinand បានហៅការរើសអើងនេះថា ជាភាពអាម៉ាស់មួយ ដែលមានពាក្យ “មនុស្សល្ងីល្ងើល្ងង់ខ្លៅ”ទាំងនេះចាំបាច់ត្រូវលាតត្រដាងដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមើលឃើញពួកគេចំពោះអ្វីដែលពួកគេមាន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបបិសាចក្រហមបានអះអាងថា“អ្នករាល់គ្នានៅ Manchester United មានការស្អប់ខ្ពើមចំពោះការរំលោភបំពានពូជសាសន៍ដែលកីឡាករបានទទួលតាមរយៈបណ្តាញសង្គមបន្ទាប់ពីការប្រកួត។ យើងសូមថ្កោលទោសជាដាច់ខាត ហើយវាជាការលើកទឹកចិត្តក្នុងការឃើញអ្នកគាំទ្រផ្សេងទៀតថ្កោលទោសរឿងនេះនៅលើបណ្តាញសង្គមផងដែរ។ យើងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជ្ញាធរមានសមត្ថកិច្ចពង្រឹងវិធានការដើម្បីមានចំណាត់ការរឿងនេះ” ។
កម្មវិធីសប្បុរសធម៌ប្រឆាំងការរើសអើងជាតិសាសន៍ (Kick it Out) បានបញ្ចេញទស្សនៈថា “ការបន្តរំលោភបំពានកីឡាករនៅលើបណ្តាញសង្គមគឺមិនអាចទទួលយកបានទេ ហើយបានបញ្ជាក់ជាថ្មីនូវគោលជំហររបស់ខ្លួនដែលថា អ្នកដែលទទួលខុសត្រូវចំពោះការស្អប់តាមអុីនធើណេតត្រូវតែប្រឈមនឹងទោសទណ្ឌ” ។
ជាមួយគ្នានេះសមាគមកីឡាបាល់ទាត់អាជីព (PFA) ដែលជាសហជីពរបស់កីឡាករបានលើកទឹកចិត្តឲ្យកីឡាករ Tuanzebe និង Martial ក៏ដូចជាកីឡាករដទៃទៀតត្រូវកំណត់គោលដៅដោយការរំលោភបំពានខាងពូជសាសន៍ដើម្បីចោទប្រកាន់អ្នកទាំងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ PFA បានសរសេរថា “យើងចង់ឲ្យជនល្មើសទទួលខុសត្រូវចំពោះឥរិយាបទតាមអុីនធើណេតរបស់ពួកគេ។ គណនីរបស់អ្នកដែលផ្ញើសារត្រូវតែហាមឃាត់ ហើយព័ត៌មានលម្អិតរបស់ពួកគេចាំបាច់ត្រូវផ្តល់ជូនអាជ្ញាធរ ដើម្បីចាត់វិធានការបន្ត” ៕ដោយ៖ភារៈ