ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំបិត និងដំបង បានព្រួតកាប់ និងវាយទៅលើបុរសម្នាក់យ៉ាងសាហាវឃោរឃៅបំផុតបណ្ដាលឲ្យស្លាប់។ ករណី ឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៥០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះត្រង់ទំនប់៣៨ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វ៉ាន់ វុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា៤នាក់(គេចខ្លួន) ទី១-ឈ្មោះ លន សុខវី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី , ទី២-ឈ្មោះ លន សុខវឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី, ទី៣-ឈ្មោះ លន សុខវន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទត្រី និងទី៤-ឈ្មោះ ស៊ាង ឌៀប ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរនេសាទត្រី។ ជនសង្ស័យទាំង៤នាក់មានទីលំនៅភូមិ ព្រែក តារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ អុីម សុខងីម ភេទស្រី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថាៈ នៅមុនពេលកេីតហេតុ គឺនៅវេលាម៉ោងប្រមាណជា១៧ និង៣០នាទី ប្ដីរបស់ខ្លួន ដែលជាជនរងគ្រោះ បានត្រលប់មកពីលេងផ្ទះបងប្អូននៅឯឃុំក្អមសំណ ស្រុកលេីកដែកវិញ ពេលមកដល់ផ្ទះស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហេីយក៏ទៅដេកនៅលេីអង្រឹងក្នុងរោងបាយទៅ។
លុះនៅពេលកេីតហេតុ វេលាម៉ោ ង ១៨ និង៥០នាទី ស្រាប់តែឈ្មោះ ស៊ាង ឌៀប ភេទប្រុស ជនជាតិ វៀតណាម ដែលមានផ្ទះនៅខាងកេីតផ្ទះខ្លួន បានជិះម៉ូតូមកហៅជនរងគ្រោះឱ្យទៅផឹកស្រាជាមួយពួកខ្លួន តែជនរងគ្រោះពុំព្រមទៅ ដោយសារតែឈ្មោះ ស៊ាង ឌៀប និងបក្ខពួកធ្លាប់បាននិយាយជេរឌឺដងដាក់ គាត់។ ភ្លាមនោះស្រាប់តែពួកគេទាំង២នាក់ទាក់ពាក្យសម្ដីគ្នាខ្លាំងឡេីងៗ រហូតដល់បានដេញវាយគ្នាទៅវិញទៅមកទៅដល់ជិតមុខរោងអ្នកតាភូមិ ដែលនៅខាងលិចផ្ទះខ្លួនបន្តិច ហេីយបន្ទាប់មកបន្ទាន់ៗគ្នានោះ ជនសង្ស័យទាំង៣នាក់បងប្អូន មានឈ្មោះ លន សុខវឿន (កាន់កាំបិតផ្គាក់) ,លន សុខវី (កាន់កាំបិតផ្គាក់), លន សុខវន (កាន់ដំបងឈេី) បានរត់មកព្រួតវាយនិងកាប់ទៅលេីជនរងគ្រោះ តែម្ដង ធ្វេីឱ្យជនរងគ្រោះរត់គេចមកដល់ក្បែរពាងទឹកខាងមុខផ្ទះខ្លួន ហេីយពួកជនសង្ស័យទាំង៤នាក់ខាងលេី ក៏បានដេញតាមប្ដូរគ្នា កាប់ ម្ដងម្នាក់បន្ថែមទៀតទៅលេីជនរងគ្រោះទាំងដែលជនរងគ្រោះដួលទៅនឹងដីទៅហេីយ ទោះជាខ្លួន(ប្រពន្ធ ជនរងគ្រោះ ) យំស្រែកអង្វរ និងស្រែកឱ្យគេជួយយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាហ៊ានជួយដែរ។ ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័យ ទាំង៤នាក់ បានកាន់កាំបិតគេចខ្លួនបាត់ ។ ចំណែកគាត់ជាប្រពន្ធជនរងគ្រោះ ក្រោយពីឃេីញថាប្ដីខ្លួនត្រូវបានស្លាប់បាត់ហេីយ ខ្លួនក៏បានជិះម៉ូតូទៅប្រាប់បងប្អូនឱ្យមកជួយមេីល និងរាយការណ៍ជូននគរបាលតែម្ដង។
ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យឃេីញថាសាកសពជនរងគ្រោះមានស្លាកស្នាមចំនួន១២កន្លែងៈ ១-មានស្នាមមុត ដាច់ដោយវត្ថុរឹងមុខស្រួចលេីស្លាបប្រចៀវខាងឆ្វេង ប្រវែង២០ស.ម ទទឹង៧ស.ម ជម្រៅដល់ឆ្អឹង, ២-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីខ្នងខាងឆ្វេងប្រវែង១២ស.ម ទទឹង៦ស.ម ជម្រៅដល់ឆ្អឹង, ៣-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីចង្កេះខាងឆ្វេង ប្រវែង ២០ស.ម ទទឹង ៤ស.ម ជម្រៅដល់ឆ្អឹង, ៤-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេងប្រវែង១១ស.ម ជម្រៅ ដល់ឆ្អឹង, ៥-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច ខាងក្រោយគុម្ពត្រចៀកខាងឆ្វេងប្រវែង៦ស.ម ជម្រៅ ដល់ឆ្អឹង, ៦-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច ក្រោមគុម្ពត្រចៀកខាងស្ដាំចំនួន២កន្លែងប្រវែង១២ស.ម ជម្រៅ ដល់ឆ្អឹងដូគ្នា, ៧-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួចលេីស្មាខាងស្ដាំប្រវែង១២ស.ម ជម្រៅ ដល់ឆ្អឹង, ៨-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច ចំថ្គាមក្រោមថ្ពាល់ខាងស្ដាំប្រវែង៦ស.ម ជម្រៅ ដល់ឆ្អឹង, ៩- ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីខ្នងកដៃខាងស្ដាំចំនួន៣កន្លែង ជម្រៅ ដល់ឆ្អឹងដូចគ្នា, ១០-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីកដៃខាងឆ្វេងចំនួន២កន្លែងប្រវែង៥ស.ម ជម្រៅ ២ស.ម ដូចគ្នា, ១១-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីកែងដៃខាងឆ្វេងចំនួន១កន្លែង ប្រវែង១២ស.ម ជម្រៅ ២ស.មនិង១២-ស្នាមមុតដាច់ដោយវត្ថុរឹងមុខស្រួច លេីស្មងជេីងខាងស្ដាំ១កន្លែងប្រវែង១១ស.ម ជម្រៅ ដល់ឆ្អឹង។ ស្លាកស្នាមទាំង១២ចំណុចខាងលេី អាចមុតដាច់ដោយវត្ថុរឹងមុខស្រួច(កាំបិត)។ ការសន្និដ្ឋាន ៖ ករណី នេះជាអំពេីឃាតកម្ម។
ក្រោយពីពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ