លោក ស សុខា : ថ្លែងអំណរគុណគណៈកម្មការរៀបចំ និងយុវជនស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ, លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា, ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២០ សូមថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ប្រតិភូកីឡា គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ កីឡាការិនី ជាពិសេសប្អូនៗក្មួយៗជាយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួម និងជួយរៀបចំការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២០ អស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ គួរជាទីមោទនៈ ។

ជោគជ័យក្នុងការរៀបចំការប្រកួត រយៈពេល ៣ថ្ងៃ នេះ កើតឡើងដោយសារតែការរួបរួមសាមគ្គីគ្នា យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីពីសំណាក់គណៈកម្មការរៀបចំ និងផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ក្នុងគោលបំណងចូលរួមថែរក្សា និងអភិវឌ្ឍកីឡាប៊ូល-ប៉េតង់កម្ពុជា អោយកាន់តែរីកចម្រើន និងល្បីល្បាញថែមទៀត ។

លោកបន្តថា, ការរួមចំណែករបស់គណៈកម្មការរៀបចំ និងផ្នែកពាក់ព័ន្ធ ព្រមទាំងយុវជនស្ម័គ្រចិត្តទាំងអស់ ក្នុងការធ្វើឲ្យដំណើរការរៀបចំការប្រកួតនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ គឺជាកាយវិការដ៏ប្រពៃ និងមិនអាចកាត់ថ្លៃបាន ។

លោករដ្ឋលេខាធិការបានរំលឹកថា,ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំសង្ឃឹម និងជឿជាក់ថា បងប្អូនគ្រប់គណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជនស្ម័គ្រចិត្ត នឹងបន្តចូលរួមក្នុងការរៀបចំការប្រកួតកីឡា ជាបន្តបន្ទាប់ទៀត ក្នុងស្មារតីស្រលាញ់ និងចង់ឲ្យវិស័យកីឡានៅកម្ពុជាយើង កាន់តែរីកចម្រើន និងល្បីល្បាញទាំងក្នុងប្រទេស តំបន់ និងសកលលោក ។

លោកសូមជូនពរគ្រប់គណៈកម្មការរៀបចំ ប្រតិភូកីឡា គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ កីឡាការិនី យុវជនស្ម័គ្រចិត្ត និងផ្នែកពាក់ព័ន្ធទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ , សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print