ខេត្តកណ្ដាល៖ យុវជនជាសិស្សសាលាម្នាក់ ខណៈកំពុងអង្គុយនៅលើក្យូស២នាក់មិត្តភក្តិ ស្រាប់តែមានក្រុមជនសង្ស័យប្រមាណ១០នាក់ ប្រដាប់ដោយដាវនិងកាំបិតបានមកកាប់លើយុវជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ធ្ងរ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចរមណីយដ្ឋានជន្លុងម្លូ ស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមជនសង្ស័យមានគ្នាប្រហែល១០នាក់មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃ៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៦និង៣០នាទី ជនរងគ្រោះបានទៅលេងនៅរមណីដ្ឋានជន្លុងម្លូ ជាមួយមិត្តភក្តិស្រីៗចំនួន៤នាក់ ខណៈដល់រមណីយដ្ឋាន ជនរងគ្រោះបានទៅអង្គុយក្នុងក្យូសមួយតែពីរនាក់មិត្តភក្តិស្រីម្នាក់ ដោយមិត្តភក្តិស្រីៗ៣នាក់ទៀតអង្គុយនៅលើក្យូសផ្សេង។ លុះបានប្រហែលមួយសន្ទុះក្រោយមក ស្រាប់តែមានមនុស្សមួយក្រុមប្រហែល១០នាក់ជិះម៉ូតូប្រដាប់ដោយដាវ និងកាំបិតមកកាប់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ ចំណែកជនរងគ្រោះ ត្រូវ បាន សាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញស្រុកអង្គស្នួល កំពុងធ្វើការពិនិត្យស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ