រដ្ឋលេខាធិការ ឯម ច័ន្ទមករា ស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របអាចធ្វើបានដើម្បីស្តារសេដ្ឋកិច្ចរបស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ ១៩!

ចែករំលែក៖

ភ្នំពេញ, ថ្លែងបើកកម្មវិធីដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនការស្តារឡើង វិញក្រោយការប៉ះពាល់ដោយជំងឺកូវីដ១៩ លើសេវាកម្ម និងសុខុមាលភាពរបស់ជនមានពិការភាពនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការ យល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្មនិងការ ចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង។

រដ្ឋលេខាធិការសង្គមកិច្ចរូបនេះ បានលើកឡើងបន្ថែមថា មកដល់បច្ចុប្បន្ន ជំងឺកូវីដី១៩បានឆ្លងរីករាលដាលដល់ គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្សរាប់សែននាក់បានបាត់បង់ជីវិត។ ក្នុងន័យនេះ ឯកឧត្តមយល់ ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនគួរត្រូវបានមើលរំលងនិង ធ្វេសប្រហែសឡើយ ខណៈដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យលើបញ្ហាសុខភាពសាធារណៈនិងលើសមត្ថភាព គ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង។

ផ្ទុយទៅវិញ សាមគ្គីភាពនិងឯកភាពគ្នា ក្នុងតំបន់និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃ វិបត្តិបែបនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលនេះ ទាមទារ នូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់ គោរពសិទ្ធិបុគ្គល។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ចាក់ថាទោះបីជាវិបត្តិសុខភាពសាធារណៈនេះ អាចនឹងបញ្ចប់ទៅនាពេលខាងមុខដោយ ក៏យើងទាំងអស់គ្នានិងនៅតែត្រូវដោះស្រាយបន្តទៀត នូវបញ្ហាប្រឈមក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបន្តទៀតថា កម្ពុជាក៏ដូចពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ នេះស្ទើរគ្រប់វិស័យ ពិសេសលើសុខុមាលភាពជនមានពិការភាព ប៉ុន្តែរដ្ឋាភិបាល បានចាត់វិធានការ ជាច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលបានប្រសើរជាងគេក្នុងតំបន់។ ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជន មានពិការភាពដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់ បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនជន មានពិការភាព ពិសេសក្នុងដំណាក់កាលរងផលប៉ះពាល់នៃជំងឺនេះ។

ក្នុងឱកាសនោះឯកឧត្តម ឯម ច័ន្ទមករាបានសូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថលើជនមានពិការភាពស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ប្រកាសអនុវត្តកម្ម​វិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជម្ងីកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណ​សម​ធម៌ (ទាំងក្រ-១ និងក្រ-២) ប្រមាណជាង៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ២៥លានដុល្លារ ក្នុងមួយ​ខែ ក្នុងនោះជនមានពិការភាពចំនួន ១០០,៨៤៤នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៥១,៧៨២នាក់ទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ៕

...

 

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print