ចំពោះស្ថានភាពនយោបាយ ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារ ក្រុមអ្នកឯកទេសសេដ្ឋកិច្ចថៃបានព្រមានថា ប្រទេសនេះអាចនឹងត្រូវខាតបង់ គិតជាទឹកប្រាក់២ពាន់លានបាតក្នុងរយៈពេល១ខែៗ (ប្រមាណ៦៦,៧ លានដុល្លារអាមេរិក)។
លោក Aat Pisanwanich អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិមកពីមហាវិទ្យាល័យពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញឆ្លងព្រំដែននឹងជួបបញ្ហាជាច្រើន ដោយសារតែការត្រួតពិនិត្យយ៉ាងតឹងតែងពីរដ្ឋាភិបាលយោធា ។ ដូច្នេះ ថៃអាចនឹងត្រូវខាតបង់ ទឹកប្រាក់៥០ លានបាតក្នុងមួយថ្ងៃៗ ហើយក្នុងពេល១ខែនឹងខាងបង់ដល់ទៅ២ពាន់លានបាត (ជាង ៦៦លានដុល្លារអាមេរិក) ប្រសិនបើសន្តិសុខត្រូវរិតបន្តឹងនោះ។
លោក Aat Pisanwanich បានឲ្យដឹងថា លោកសង្ឃឹមថា វិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងវិលត្រឡប់មកដូចដើមក្នុងពេលឆាប់ៗ។ ប៉ុន្តែសហគមន៍អន្តរជាតិ ក្នុងនោះមានអាមេរិក អឺរ៉ុប ជប៉ុន និង បណ្តាប្រទេសជាច្រើនផ្សេងទៀត នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អាចបង្កឲ្យស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កាន់តែអាក្រក់ថែមទៀត។ មីយ៉ាន់ម៉ា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ទាបបំផុតក្នុងតំបន់។
លោក Aat Pisanwanichបានបន្តទៀតថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ា នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការវិនិយោគ ក៏ដូចជាការនាំទំនិញតាមព្រំដែន ។ ក្រុមអ្នកវិនិយោគកំពុងតែរងចាំមើល ស្ថានភាពនយោបាយក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា មានការប្រែប្រួលធំប៉ុណ្ណា។
នៅពេលនេះដែររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានស្នើដល់មន្ត្រីជំនាញវាយតម្លៃ ពីផលប៉ះពាល់នៅតាមបណ្តោយព្រំដែនមីយ៉ានម៉ា ដើម្បីចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ៕
រូបភាព៖ Internet