ថៃនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងវិស័យពាណិជ្ជកម្ម តាមព្រំដែនជាប់មីយ៉ាន់ម៉ា

ចែករំលែក៖

ចំពោះស្ថានភាពនយោបាយ ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយការធ្វើរដ្ឋប្រហារ ក្រុមអ្នកឯកទេសសេដ្ឋកិច្ចថៃ​បានព្រមានថា ប្រទេសនេះអាចនឹងត្រូវខាតបង់ គិតជាទឹកប្រាក់​២ពាន់លានបាតក្នុងរយៈពេល​១ខែៗ (ប្រមាណ​៦៦,៧ លានដុល្លារអាមេរិក)​។
លោក Aat Pisanwanich អគ្គនាយកមជ្ឈមណ្ឌល​ស្រាវជ្រាវពាណិជ្ជកម្ម​អន្តរជាតិ​មកពីមហាវិទ្យាល័យពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញឆ្លងព្រំដែន​នឹងជួបបញ្ហាជាច្រើន ដោយសារតែការត្រួតពិនិត្យ​យ៉ាងតឹងតែងពីរដ្ឋាភិបាលយោធា ។ ដូច្នេះ ថៃអាចនឹងត្រូវខាតបង់ ទឹកប្រាក់​៥០ លានបាតក្នុងមួយថ្ងៃៗ ហើយក្នុងពេល​១ខែនឹងខាងបង់ដល់ទៅ​២ពាន់លានបាត (ជាង ៦៦លានដុល្លារអាមេរិក) ប្រសិនបើសន្តិសុខត្រូវរិតបន្តឹងនោះ។
លោក Aat Pisanwanich បានឲ្យដឹងថា ​​លោកសង្ឃឹមថា វិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងវិលត្រឡប់មកដូចដើម​ក្នុងពេលឆាប់ៗ​។ ប៉ុន្តែ​សហគមន៍អន្តរជាតិ ក្នុងនោះមានអាមេរិក អឺរ៉ុប ជប៉ុន និង បណ្តាប្រទេសជាច្រើនផ្សេងទៀត នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អាចបង្កឲ្យស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កាន់តែអាក្រក់ថែមទៀត​។​ មីយ៉ាន់ម៉ា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ទាបបំផុតក្នុងតំបន់​។
លោក​ Aat Pisanwanichបានបន្តទៀតថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើប្រទេសមីយ៉ាន់ម៉ា នឹងប៉ះពាល់យ៉ាងខ្លាំង​ដល់ការវិនិយោគ ក៏ដូចជាការនាំទំនិញ​តាមព្រំដែន ។ ក្រុមអ្នកវិនិយោគកំពុងតែរងចាំ​មើល ស្ថានភាពនយោបាយក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា មានការប្រែប្រួលធំប៉ុណ្ណា​។
នៅពេលនេះដែររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានស្នើដល់​មន្ត្រីជំនាញវាយតម្លៃ​ ពីផលប៉ះពាល់នៅតាមបណ្តោយព្រំដែនមីយ៉ានម៉ា ដើម្បីចាត់វិធានការ​ដោះស្រាយឲ្យបានទាន់ពេលវេលា ៕

...

រូបភាព៖ Internet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print