រដ្ឋាភិបាលអូស្រ្តាលី​ បន្តផ្ដល់ជំនួយ ៥០លានដុល្លារ ក្នុងមួយឆ្នាំដល់កម្ពុជា ដើម្បីជួយពលរដ្ឋ​ជា​ជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ

ចែករំលែក៖

ខេត្តព្រះវិហារ​៖ រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ត​ផ្តល់​ជំនួយចំនួន ៥០លានដុល្លារ ដល់កម្ពុជាក្នុងមួយឆ្នាំ សម្រាប់ជួយប្រជាពលរដ្ឋ​ជា​ជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។ នេះបេីតាមការលេីកឡេីងរបស់លោកឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា​ ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យគម្រោងគណនេយ្យភាពសង្គម(ISAF) របស់​អង្គការ ទស្សនៈពិភពលោកប្រចាំស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ខេត្ដព្រះវិហារ កាលពី​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១។

ជាក់ស្តែងចំពោះការលេីកឡេីងខាងលេីនេះ​ លោក Kang Pablo ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា​ បានថ្លែងថា​ រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តផ្តល់ជំនួយ ៥០លានដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាជនពិការ ស្ត្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិច ព្រមទាំងវិស័យសំខាន់ៗមួយ​ចំនួនទៀត ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។

លោកឯកអគ្គរាជទូត​ បាន​បន្ដ​ថា បញ្ហាសុខុមាលភាព គឺជារឿងដ៏សំខាន់ក្នុងការគិតគូរជានិច្ច ជាពិសេសក្នុងអំឡុង​ពេល​ដែលទូទាំងសកលលោកបាន និងកំពុងជួបប្រទះនូវបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើងថា រដ្ឋាភិបាល អូស្ត្រាលី ក៏បានផ្តល់ជាជំនួយ​ឥត​សំណងចំនួន ២៨លានដុល្លារអាមេរិក ដើម្បីទិញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់​ជូនអ្នករងគ្រោះ និងងាយរងគ្រោះក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកឯកអគ្គរាជទូត Kang Pablo បានបន្ថែមថា ការចុះពិនិត្យគម្រោងនេះគឺដើម្បីធ្វើការសិក្សាទៅលើការអភិវឌ្ឍគម្រោងគណនេយ្យភាពសង្គម (ISAF) បទពិសោធន៍នៃការទទួលបានសេវាផ្សេងៗ ជាពិសេសការលំបាក និងបញ្ហា​ប្រឈមដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះប្រចាំថ្ងៃ ដើម្បីផ្តល់ជាហិរញ្ញប្បទាន​ដល់​គម្រោង ក្នុងការជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ដោយឡែកលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ​ នាឱកាសនោះបានថ្លែងអំណរគុណដល់​រដ្ឋាភិ​បាល​អូស្ត្រាលី និងប្រជាជនអូស្ត្រាលី ដែលតែងតែផ្តល់ជាជំនួយ និងគាំទ្រដល់ប្រទេស​កម្ពុជា ក៏ដូចជាខេត្តព្រះវិហារផ្ទាល់តែម្តង ក្នុងការកាត់បន្ថយភាពក្រីក្រ ការផ្តល់ជូននូវ​សុខុមាលភាពជូនប្រជាពលរដ្ឋ។

អភិបាលរងខេត្ដរូបនេះ​ បានបន្ដទៀតថា រាជរដ្ឋាភិ​បាល​កម្ពុជា​​បានយកចិត្ដទុកដាក់ និងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ​តាមរយៈការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវប្រព័ន្ធសុខាភិបាល និងបានផ្តល់នូវការធ្វើប្រតិកម្មធនធាន និងថវិកាតាមរយៈក្រសួង​មហាផ្ទៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានតម្លា​ភាព គណនេយ្យភាព រំកិលសេវាឱ្យខិតជិតប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមាន​ការ​យល់ដឹងច្រើនអំពីសុខុមាលភាព ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមដំបូលសុខសន្តិភាព៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print