ភ្នំពេញ៖ លោកជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់នៅក្នុងសិក្ខាសាលាស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយវិវាទកុំឲ្យមានការកកស្ទះសំណុំរឿងតុលាការតាមរយៈបណ្តឹងតូចតាចនោះ។ ក្រសួងយុត្តិធម៌ នឹងដាក់ចេញបទដ្ឋានគតិយុត្តិអំពីស្ថាប័នអ្នកដោះស្រាយបញ្ហាវិវាទក្រៅប្រព័ន្ធតុលាការបន្ទាន់បញ្ចប់ការពិភាក្សាលើឯកសារទស្សនទាននៅអំឡុងខែមិនា ឆ្នាំ២០២១ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់បន្ថែមថា ការដាក់កំណត់ពីស្ថាប័នដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បន្ទាប់ពីមានករណីមួយចំនួនអ្នកដោះស្រាយវិវាទគ្មានបំណងពិតប្រាកដក្នុងការដោះស្រាយវិវាទទេ បែរជាចិញ្ចឹមវិវា ទៅវិញពិសេសករណីដីធ្លីជាដើម។
ជាក់ស្តែងលោកជិន ម៉ាលី បានថ្លែងបន្តទៀតថា៖ «នេះជាលើកដំបូងហើយដែលយើងនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការមកពិភាក្សាគ្នាដើម្បីប្រមូលធាតុចូលក្នុងគោលបំណងកំណត់ជាក្របខណ្ឌឬយន្តការរួមដែលកម្ពុជាមិនទាន់មានទេនៅពេលកន្លងមក»។
ជាមួយគ្នានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ទៀតថា បើទោះបីជាពេលកន្លងមកមិនមានយន្តការរួមក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្តីក៏ពេលកន្លងមកមានការដោះស្រាយវិវាទផងដែរ ។ បន្ថែមពីនេះ លោកថា៖«យើងមានការដោះស្រាយវិវាទក្រៅប្រព័ន្ធប៉ុន្តែយើងមិនទាន់យន្តការរួម ក្រប ខណ្ឌ ឬច្បាប់រួម ឬបទដ្ឋានគតិយុត្តិរួមដើម្បីយើងកំណត់ក្នុងការគ្រប់គ្រង និងវាយតម្លៃ ចំពោះប ញ្ហាដែលពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្នុងនោះមាន សង្គម ស៊ីវិល ស្ថាប័នរដ្ឋ បុគ្គលឯកជន គ្រឹះស្ថានឧត្តមសិក្សានិងមន្ត្រីសាធារណៈ មួយចំនួនដូចជា៖ មេភូមិ មេឃុំ រហូតដល់ដល់ចៅហ្វាស្រុក ចៅហ្វាយខេត្តក៏ធ្វើការងារនឹងដែរ ជាងនេះមាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏ធ្វើដែរ»។
លោក ជិន ម៉ាលីន លើកឡើងថា៖«ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលកន្លងមកមិនអាចមានការគ្រប់គ្រងបាននោះទេ។ ដោយពេលខ្លះមានអ្នកខ្លះមិនមានគោល បំណងដោះស្រាយវិវាទទេ ផ្ទុយទៅបែរទៅជាចិញ្ចឹមវិវាទទៅវិញ ពិសេសនោះក្នុងករណីបញ្ហាដី ធ្លីតែម្តង។ ជាងនេះបញ្ហាដីធ្លីមានបុគ្គលខ្លះពូកែដោះស្រាយប៉ុន្តែចុងក្រោយដីទាំងនោះបានមកលើគាត់ទាំងអស់»។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ក៏បានសង្កត់ធ្ងន់ថាដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធនៅកម្ពុជាបញ្ហាសំខាន់នោះរបស់កម្ពុជាគឺក្រសួងយុត្តិធម៌បានដាក់ចេញទិដៅអាទិភាពរួមមួយគឺក្របខណ្ឌច្បាប់ពាក់ព័ន្ធក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។
លោករដ្ឋលេខាធិការ បានបញ្ជាក់អំពីក្របខណ្ឌច្បាប់ដែលកំណត់ជាក់យ៉ាងដូច្នេះថា៖«ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះនឹងកំណត់ថាតើក្របខណ្ឌណាជាអ្នកកំណត់នៅថ្នាក់ជាតិបែបម៉េច? នៅថ្នាក់ ក្រោមជាតិ បែបម៉េច? ហើយតួអង្គរណាមានគុណសម្បត្តិក្នុងការដោះស្រាយវិវាទ នេះបាន? មិនមានអ្នកទាំងអស់គ្នាដោះស្រាយបាននោះទេ។ ចំណែកអ្នកដោះស្រាយទាល់តែត្រូវធ្វើ ការបង្រៀន និងមានការទទួលសិទ្ធិត្រឹមត្រូវទើបទទួលបានជាអ្នកដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការនេះ»។ បច្ចុប្បន្នក្រសួងយុត្តិធម៌ បានរៀបចំសេចក្តីព្រាងច្បាប់ទស្សនាពាក់ព័ន្ធនឹងការគ្រប់គ្រងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះរួចហើយដោយមានការស្រាវជ្រាវពីបទពិសោធនក្នុងបណ្តាលប្រទេសនិងអន្តរជាតិ។
លើសពីនេះ លោក ជិន ម៉ាលីន ថា៖ បើទោះបីជាឯកសារត្រូវបានរៀបចំរួចហើយតែដើម្បីឲ្យមានការឆ្លើយតបនិងគ្រប់ភាគីទាំងអស់និងតម្រូវការរបស់សង្គមជាតិគឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ អ្នកជំនាញការជាតិ និងអន្តរជាតិ និងអ្នកសិក្សាស្រាវ ជ្រាវដើម្បីផ្តល់យោបល់ជាធាតុចូល ដើម្បីឲ្យឯកសារនឹងក្លាយជាឯកសារមួយ ដែលត្រូវការ ដោយគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែកការធ្វើសិក្ខាសាលានេះក៏ដើម្បីឲ្យឯកសារគតិយុត្តិអំពីការកំណត់ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការជារបស់សង្គមកម្ពុជាទាំងអស់គ្នាផងដែរ។
សូមជម្រាបថា ទោះជាយ៉ាងណាក្តី លោក ជិន ម៉ាលីន មិនទាន់បានបញ្ជាក់ថា ឯកសារដែលទស្សនទាននោះមានប៉ុន្មានជំពូកនិងមាត្រានោះទេ ដោយបានអះអាងថាទស្សនទាននេះនឹងកំណត់គ្រប់ ទិដ្ឋភាព ទាំងអស់តែម្តង។ ក្នុងនោះមាន ៖ ទី១-កម្ពុជាគួរមានជាច្បាប់ឬគោលនយោបាយ ទី២-យន្តការគ្រប់គ្រងបែបណា ទី៣-តួអង្គដែលមានលក្ខខណៈសម្បត្តិនិងនីតិសម្បទា ក្នុងការដោះស្រាយវាយតម្លៃចំពោះវិវាទ។ ប៉ុន្តែលោក បានលើកឡើងថា ពេលនេះក្រសួងយុត្តិធម៌ និងសហគមន៍អឺរ៉ុបកំពុងពិភាក្សាគ្នាលើឯកសារទស្សនទានទាំងនេះនឹងត្រូវបញ្ចប់ការពិភាក្សានៅអំឡុងខែមិនា ឆ្នាំ២០២១ខាងមុខនេះ។
គួរបញ្ជាក់ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ក៏បានបញ្ជាក់ទៀតថា ក្រសួងនឹងធ្វើកំណែរទម្រង់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺដើម្បីបង្ខិតសេវាយុត្តិធម៌ឲ្យបានខិតជិតប្រជាពលរដ្ឋ ព្រោះថាយន្តការនេះគឺដោះ ស្រាយវិវាទនៅក្នុងសហគមន៍។ ជាក់ស្តែង ដើម្បីជៀសវាងការដែលប្រជាពលរដ្ឋទៅតុលាការ នាំឲ្យមានការពិបាកដោយសារគាត់មិនចេះដឹងអំពីនីតិវិធីក្នុងការប្តឹងផ្តល់ជាដើម៕ដោយ៖សហការី
រូបភាព៖លោកជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌