អាវុធហត្ថខេត្តកណ្តាលចាប់អ្នកឆក់ត្រីល្មើសច្បាប់ប្រគល់ឲ្យជលផល

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ចុះបង្ក្រាបបទល្មើសនៅលើផ្ទៃទឹកបឹងជប៉ុន ស្ថិតក្នុងភូមិលេខ៥ ឃុំប្រាសាទ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឃាត់ខ្លួនបានជនប្រព្រឹត្តបទល្មើសឆក់ត្រីម្នាក់ និងវត្ថុតាងពាក់ព័ន្ធ កសាងសំណុំរឿងប្រគល់ទៅឲ្យសមត្ថកិច្ចជលផលចាត់ការបន្តតាមជំនាញ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យឆក់ត្រីល្មើសច្បាប់ដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ច្រឹក ពុត ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅក្នុងភូមិកណ្ដាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចបានធ្វើការដកហូតឧបករណ៍នេសាទត្រីល្មើសច្បាប់មួយចំនួនមានដូចជា ទូកឈើមួយគ្រឿងប្រវែង៦.៥ម៉ែត្រ ,ម៉ាស៊ីនមួយគ្រឿង ពណ៌ខ្មៅម៉ាកហុងដា កម្លាំង៦.៥សេះ ,អាគុយ៤០អំពែមួយគ្រឿង ,អាំងវ៉ាទ័រមួយគ្រឿង និងដងឫស្សីតភ្ជាប់ខ្សែភ្លើងមួយគូរផងដែរ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅលើទឹកបឹងក្នុងភូមិសាស្ត្រស្រុកស្អាងនិងស្រុកកោះធំកើតមានបទល្មើសនេសាទពេញបន្ទុក ហើយគ្មានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាចុះទៅបង្ក្រាបទប់ស្កាត់ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចុះបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់នោះ ។ ជាលទ្ធផលនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ ដើម្បីកសាងសំណុំរឿងប្រគល់ជនសង្ស័យទៅឲ្យមន្ត្រីជំនាញជលផលចាត់ការបន្ត ។

គួររំឮកថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះបទល្មើសនេសាទបានកើតមានយ៉ាងពេញបន្ទុកនៅក្នុងអតីតឡូត៍នេសាទក្នុងស្រុកស្អាង ,ស្រុកកោះធំ និងស្រុកលើកដែក ។ ជនប្រព្រឹត្តបទល្មើសមិន ត្រូវបានសមត្ថកិច្ចជំនាញជលផលចុះធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ ។ ជាហេតុធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនដាក់ការសង្ស័យថា បទល្មើសនេសាទទាំងអស់នេះកើតមានឡើង ដោយសារតែមានការឃុបឃិតគ្នារវាងមន្ត្រីជំនាញជាមួយក្រុមប្រព្រឹត្តបទល្មើសទាំងនោះ ដើម្បីទទួលលាភសក្ការៈណាមួយពីជនប្រព្រឹត្តបទល្មើសទាំងនោះ៕

20160226003304

20160226003304 (3)

20160226003305

20160226003304 (1)

20160226003304 (2)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print