ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌជួយទប់ស្កាត់ឈ្មួញទិញនិងលក់ស៊ងត្រីក្នុងបឹងសំរោងនេះ យកមកធ្វើប្រយោជន៍ផ្ទាល់ខ្លួន ដែលផ្ទុយទៅនឹងអនុក្រឹត្យលេខ៦៥ របស់រាជរដ្ឋាភិបាល ដែលបានចេញក្នុឆ្នាំ២០០៨កន្លងមក ទុកផ្ទៃបឹងទំហំ៣៣៦ហិកតា ជាសម្បតិសាធារណៈមិនឲ្យអ្នកណារំលោភបានឡើយ។
ក្នុងការស្នើរសុំរបស់ប្រជាពលរដ្ឋនេះដែរសមាជិកក្រុមប្រឹក្សាខណ្ឌបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អណត្តិទី២ របស់ក្រុមប្រឹក្សា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះនៅសាលាខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា លោកសុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឆ្លើយតបទៅនឹងសំណើសមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយទប់ស្កាត់ ឈ្មួញចុះទិញនិងលក់ស៊ងត្រីក្នុងបឹងសំរោងនេះ ដើម្បីលុបបឹងយកមកធ្វើប្រយោជន៍ផ្ទាល់ខ្លួននោះ លោកសុខ សម្បតិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ការទិញលក់ស៊ងចិញ្ចឹមត្រីពីមួយទៅមួយដោយមិនឆ្លងកាត់ អាជ្ញាធរនោះគឺយើងមិនទទួលខុសត្រូវឡើយ។ ហើយផ្ទៃបឹងចំនួន៣៣៦ហិកតាដែលមានអនុក្រឹត្យលេខ៦៥ របស់រាជរដ្ឋាភិបាល ដែលបានចេញក្នុងឆ្នាំ២០០៨កន្លងមកនោះគឺគ្មាននណាហ៊ានរំលោភបានឡើយ គ្រាន់តែយើងពុំទាន់បានបោះបង្គោលព្រុំឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
លោក សុខ សម្បតិ បន្តថាកន្លងមកមានប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន រំលោភក្នុងផ្ទៃបឹងដែរតែលោកបានបញ្ជាឲ្យអភិបាលរងចុះរុះរើជាបន្ទាន់ ព្រោះដីក្នុងអនុក្រឹត្យមិនមានបុគ្គលណាអាចរំលោភបានឡើយ លើកលែងតែឈ្មួញចុះទិញស៊ងត្រីពីមួយទៅមួយ ដោយយើងមិនបានដឹងតែប៉ុណ្ណោះ ព្រោះគេមិនបានឆ្លងកាត់ភូមិ សង្កាត់ ភូមិបាលនោះ។
ទាក់ទងនិងកិច្ចប្រជុំនេះដែរ លោកសុខ សម្បតិ ក៍បានជំរុញឲ្យតាមបណ្តាសង្កាត់ទាំងអស់ត្រូវលប់បំបាត់ឲ្យអស់នូវល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបង្ក្រាបហើយកើតវិញ ឫមិនទាន់បានបង្ក្រាបត្រូវលប់បំបាត់ឲ្យអស់ពិសេសសង្កាត់គោករកា ទាំងចៅសង្កាត់ និងមេប៉ុស្តិត្រូវតែមើលឲ្យបានមែនទែនកុំដេកដួលរមូលសំគ្រិចឲ្យសោះ។ ព្រោះល្បែងទាំងនេះវាជាប្រភពនៃបទល្មើសដែលនឹងធ្វើឲ្យ កើតមានជាបទល្មើសផ្សេងៗជាច្រើនទៀតក្នុងមូលដ្ឋាន។
ជាចុងក្រោយលោកអភិបាលខណ្ឌក៍បានលើកទិសដៅ និងវិធានការ ដល់អង្គប្រជុំ ត្រូវខិតខំ យកចិត្តទុកដាក់ឲ្យបានខ្លាំងខ្លាធ្វើយ៉ាងណាត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឲ្យបានជាដាច់ខាត ហើយត្រូវអនុវត្តតាមគោលនយោបាយចតុកោណដំណាក់កាលទី២ និងទី៣របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ដែលសព្វថ្ងៃនេះបាននឹងកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ៕
ដោយ៖ ព្រែកជ័យ