អ្នកចូលចិត្តទិញបង្គានៅម្តុំត្រឡោកបែកសូមប្រយ័ត្ន! ខណៈសមត្ថកិច្ចបង្ក្រាប​ បង្គាក្លាស្សេ និងចាក់ចាហ៊ួយជាង៦តោននាំចូលពីវៀតណាម​

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ដ២គ្រឿង។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

បេីតាមប្រភពព័ត៍មានពីមន្រ្តី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប»​ បានឲ្យដឹងា កម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់រថយន្តមួយគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀតបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក។ ភ្លាមៗមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុក ក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។

បន្ទាប់ពីឃាត់រថយន្តទាំង២គ្រឿងនេះ​ អ្នកបើកបររថយន្តដឹកទំនិញ ក៏បានអះអាងថា បង្គាក្លាសេ្ស សរុប៣០៧កេស បរិមាណប្រហែល៦តោនជាង មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។​ ក្រោយសាកសួររួចដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជក់ថា​ មន្ដ្រីជំនាញ​ បានអះអាងបន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិឲ្យពាក់ព័ន្ធ នឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print