អភិបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងឈរជើង ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ អមដំណើរដោយ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានដាក់បទបញ្ជាដល់កងកម្លាំងឈរជើងគ្រប់បណ្តាគោលដៅ រួមមាន កងវរសេនាតូចលេខ១ ផ្នែកសឹករងគិរីវង់ ,កោះអណ្តែត ,បូរីជលសារ និងផ្នែកសឹករងអង្គរបូរី ត្រូវយកចិត្ដទុកដាក់ សហការជាមួយ នគរបាលការពារព្រំដែនចេញល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឲ្យមានប្រជាពលរដ្ឋទាំងសងខាង លួចឆ្លងដែន ដាច់ខាតនៅគ្រប់បណ្តាគោលដៅទាំងអស់ ។

លោក អ៊ូច ភា អភិបាល ខេត្តតាកែវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាក្នុងកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជន ពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះ លោក ក៏បានក្រើនរំលឹកដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print