ភ្នំពេញ, នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ កងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធធ្វើកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីដ៏ខ្ពងខ្ពស់របស់ ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងឧត្តមសេនីយ៍ត្រី អៀង វែង សេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកផ្នែកគិលានដ្ឋាន សុខាភិបាលកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង ទទួលការងារសុខាភិបាល និងក្រុមការងារការិយាល័យសុខាភិបាល គិលានដ្ឋានកងពលតូចចំណុះទាំង៣ និងក្រុមការងារការិយាល័យសុខាភិបាល គិលានដ្ឋានកងពលធំ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ឧត្តមសេនីយ៍ត្រី អៀង វែង បានមានប្រសាសន៍ ណែនាំដល់នាយទាហានទទួលការងារសុខាភិបាល គិលានដ្ឋានកងពលតូចចំណុះទាំង៣ និងក្រុមការងារការិយាល័យសុខាភិបាល គិលានដ្ឋានកងពលធំ ដើម្បីចូលរួមសហការឲ្យបានល្អជាមួយនឹងការងារចាក់វ៉ាក់សាំងការពារវីរុស covid-19 និងអនុវត្តការងារចាក់វ៉ាក់សាំង ការរៀបចំបរិក្ខារសម្រាប់ក្លាស្សេរក្សាទុកវ៉ាក់សាំង បរិក្ខារសម្រាប់ចាក់ថ្នាំពេទ្យបន្ទាប់បន្សំផ្សេងទៀត ការរៀបចំថ្នាំពេទ្យសម្រាប់សង្គ្រោះបន្ទាន់បរិក្ខារពិនិត្យសុខភាពពេលពិគ្រោះជំងឺនិងរៀបចំរៀបរៀងជាផែនការបម្រុង។ មុនពេលចាក់វ៉ាក់សាំងត្រូវអនុវត្តការពិនិត្យអាការៈរោគឲ្យបានច្បាស់លាស់។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានសំណូមពរដល់មេបញ្ជាការ មេបញ្ជាការរង ទទួលការងារសុខាភិបាល និងក្រុមការងារការិយាល័យសុខាភិបាល គិលានដ្ឋានកងពលតូចចំណុះទាំង៣ និងក្រុមការងារការិយាល័យសុខាភិបាល គិលានដ្ឋានកងពលធំ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការ ផ្សព្វផ្សាយអំពីគោលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងគ្រប់គ្រងកម្លាំងទ័ពឲ្យបានល្អ គ្រប់ចំនួននៅនឹងកន្លែង១០០% ត្រួតពិនិត្យសុខភាពឲ្យបានច្បាស់លាស់ ត្រៀមខ្លួនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការស្នើសុំពីក្រសួងសុខាភិបាល៕
ដោយ, សិលា