ស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពីរដ្ឋបាលលោក​ ចូ បៃឌិន​ បានបង្ហាញជំហរគាំទ្រដល់លោកស្រី Ngozi Okonjo-Iweala ដែលជាស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយក​ នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ ខណៈលោកស្រី​ Okonjo-Iweala បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា នឹងក្លាយជាប្រមុខស្ថាប័នគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមួយនេះ ហើយបេក្ខជនមកពីកូរ៉េខាងត្បូងសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង។

បេីយោងតាមទីភ្នាក់ងារព័ត៌មានAFP​ បានចុះផ្សាយថា​ រដ្ឋបាលលោក បៃឌិន បានបង្ហាញជំហរគាំទ្រដល់លោកស្រី Okonjo-Iweala នៅថ្ងៃទី៥ កុម្ភៈ។ ខណៈដែលលោកស្រី Okonjo-Iweala ធ្លាប់កាន់តួនាទីក្នុងធនាគារពិភពលោក និងជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា។ ចំណែកការគាំទ្របេក្ខភាពរបស់លោកស្រីOkonjo-Iweala បញ្ចប់ការជាប់គាំងជាច្រើនខែក្នុងការជ្រើសរើសថ្នាក់ដឹកនាំស្ថាប័ននេះ ដោយសមាជិកWTOយល់ព្រមលើបេក្ខភាពលោកស្រីឲ្យកាន់តំណែងកំពូលក្នុងស្ថាប័ននេះ។

ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Okonjo-Iweala បានលេីកឡេីងថា​ «មានការងារសំខាន់ដែលយើងត្រូវធ្វើរួមគ្នា»។ លោកស្រី បន្ថែមថា​ នឹងខិតខំធ្វើកំណែទម្រង់ស្ថាប័នមួយនេះ។ ចំណែកការិយាល័យពាណិជ្ជកម្មអាមេរិកប្រចាំWTO អះអាងថាលោកស្រីជាបុគ្គលដែលទទួលបានការគោរព និងមានបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថាប័នអន្តរជាតិដែលមានសមាជិកច្រើនប្រទេស។ រីឯលោកស្រីYoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ដកខ្លួនចេញពីការប្រកួត ក្រោយរងសម្ពាធការទូតជាច្រើនខែ។

សូមជម្រាបថា​ បន្ទាប់ពីលោក Roberto Azevedo អតីតអគ្គនាយក WTO លាលែងពីតំណែងមុនអាណត្តិមួយឆ្នាំ​ WTO ជួបវិបត្តិគ្មានអ្នកដឹកនាំនៅដើមខែសីហា ឆ្នាំ២០២០។ ដោយការលាលែងនេះ នាំឲ្យអ្នកស្នងតំណែងត្រូវប្រឈមនឹងស្ថានការណ៍សេដ្ឋកិច្ចដែលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តពាណិជ្ជកម្មបែបការពារនិយមរវាងចិន និងអាមេរិក។

ដោយឡែកបេីតាមអ្នកសង្កេតការណ៍មួយចំនួន​ បានអះអាងថាWTO កំពុងជួបវិបត្តិដ៏ធំបំផុតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ ខណៈដែលអង្គការនេះ ពុំអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មចម្បងណាមួយឡើយ។ បន្ថែមពីនេះWTO ពុំអាចសម្រេចបានកាលវិភាគក្នុងការបញ្ចប់ការឧបត្ថម្ភធន់ក្នុងវិស័យនេសាទ។​ លេីសពីនេះទៅទៀត មុខងារមួយចំនួនរបស់WTOជាប់គាំងមិនអាចធ្វើការបានដោយសារអតីតប្រធានាបតីអាមេរិកដូណាល់ ត្រាំ ជំទាស់ការតែងតាំងចៅក្រម ដែលធ្វើឲ្យWTOមិនអាចកាត់ក្តីជម្លោះពាណិជ្ជកម្មបាន។ ជាមួយលោកបៃឌិន កាន់តំណែងជាប្រធានាធិបតី អ្នកវិភាគសង្ឃឹមពីកំណែទម្រង់ក្នុងស្ថាប័ននេះ។

លោកស្រី Okonjo-Iweala ធ្លាប់បានសង្កត់ធ្ងន់ថា WTOត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលបានឱសថ ក៏ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បញ្ហាខាងលើ សុទ្ធសឹងតែជាអ្វីដែលសមាជិកទាំង១៦៤ពុំអាចស្វែងរកចំណុចរួមបាន។

គួរបញ្ជាក់ដែរថា​ បេីមែនទែនទៅ WTO អាចកោះហៅសមាជិកទាំង១៦៤មកប្រជុំដើម្បីយល់ព្រមបេក្ខភាពលោកស្រីOkonjo-Iweala ក្នុងពេលដ៏ខ្លីខាងមុខបាន។ ប៉ុន្តែសមាជិកមួយចំនួនអះអាងថាជារឿងមិនអាចធ្វើទៅរួច ដោយអាមេរិកមិនទាន់តែងតាំងតំណាងរបស់ខ្លួននៅស្ថាប័ននេះ ហើយអគ្គនាយករងស្ថាប័ននេះក៏ពុំទាន់បានតែងតាំងនៅឡើយ៕ដោយ៖ស​ តារា

លោកស្រី​ Ngozi Okonjo-Iweala

...

រូបភាព​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print