មេការក្រុមហ៊ុនលក់រថយន្តចិនម្នាក់​ សុីដាច់ប្រាក់ជាង១លានដុល្លារ ​ត្រូវចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ លោក ឡុង វណ្ណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់​ ដែលជាមេការក្រុមហ៊ុនលក់រថយន្ដរបស់ចិនមួយកន្លែង​ ដាក់ពន្ធធនាគារព្រៃសបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ។

បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា​ ជនចោទឈ្មោះ ហ៊ាង សុងហេង ភេទប្រុស​ អាយុ២៧ឆ្នាំ ជាមេការក្រុមហ៊ុនលក់រថយន្តរបស់ចិនមួយកន្លែង​ មានលំនៅស្ថានផ្ទះលេខ៤៩T ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ប្រព្រឹត្តកាលពីឆ្នាំ២០១៩ បទល្មើសដែលមានចែងអោយផ្ដន្ទាទោសតាមមាត្រា ៦២៦ , ៦២៧ , ៦២៨ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា​ ពាក់ព័ន្ធការចាប់ឃុំខ្លួនជនជាប់ចោទខាងលើនេះ ប្រភពព័ត៍មានពីសាលាដំបូង​រាជធានី​ បានឲ្យដឹងដែរថា កាលពីអំឡុងឆ្នាំ២០១៩ មានក្រុមហ៊ុនចិនមួយលក់រថយន្តបានផ្តល់ទំនុកចិត្តឲ្យឈ្មោះ ហ៊ាង សុងហេង ធ្វើជាមេការក្រុមហ៊ុនកាន់កាប់បញ្ជីស្នាមលក់រថយន្តនិងគ្រប់គ្រងលុយកាក់ ។ លុះក្រោយមកក្រុមហ៊ុនមានការសង្ស័យក៏បានពិនិត្យបញ្ជីស្នាមរកឃើញថា មានការបាត់លុយលក់រថយន្តជាង១លានដុល្លារ ទើបក្រុមហ៊ុនប្ដឹងឲ្យមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ហ៊ាង សុងហេង ហើយបញ្ជូនមកតុលាការដើម្បីដាក់ទោសតាមច្បាប់។

គួរបញ្ជាក់ថា ក្រោយការសាកសួររបស់លោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ហ៊ាង សុងហេង ពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង »ហើយបញ្ជូនអោយចៅក្រមស៊ើបសួរចាត់ការបន្ត។ រួចបញ្ជូនបន្តទៅលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print