ភ្នំពេញ, នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរទឹកចិត្តមនុស្សធម៌លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំកៀរគររកថវិកាសម្រាប់ជួយផ្តល់ទីជម្រកសមរម្យជូនអតីតយុទ្ធជនកម្ពុជាដែលមានពិការភាព និងក្រីក្រ១។ លោកស្រី បានបន្ថែមទៀតថា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា មិនបានប្រារព្ធមិទ្ទីង ៨ ឧសភាទេ ប៉ុន្តែកាកបាទក្រហមកម្ពុជា មានពិធីទទួលថវិកាពីសប្បុរសជនដូចឆ្នាំ២០២០ដែរ។ លោកស្រីអគ្គលេខាធិការ បានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា នឹងណែនាំដល់សាខាកាកបាទក្រហមកម្ពុជា ឲ្យសហការជាមួយសមាគមតាមខេត្ត ដើម្បីចូលរួមជួយសាងសង់ផ្ទះ កាប់ដីធ្វើថ្នាលដាំបន្លែបន្ថែម ដើម្បីជាទុនដំបូងជួយសម្រាលការលំបាករបស់ពួកគាត់។
លោកទេសរដ្ឋមន្ត្រី គន់ គីម សូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារនេះ សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដែលមានពិការភាព និងមានជីវភាពក្រីក្រ១ ដើម្បីលើកកម្ពស់ជីវភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់សមាគម មានអតីតយុទ្ធជនកម្ពុជា ដែលមានពិការភាព និងក្រីក្រ១ មានចំនួន៨៧៦គ្រួសារ ក្នុងខេត្តចំនួន៤ ហើយថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលចាប់ផ្តើមដំបូងនេះ នឹងយកមកធ្វើផ្ទះជូនអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ព្រោះអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា បានផ្តល់សម្បទានដីសង្គមកិច្ចរួចហើយ ដូច្នេះទើបឯកឧត្តមទេសរដ្ឋមន្ត្រី បានរៀបចំផែនសាងសង់ផ្ទះ ហើយបង្កើតភូមិមួយ នៅស្រុកក្រវ៉ាញ នេះតែម្តង។
សូមបញ្ជាក់ថា ផ្ទះដែលគ្រោងនឹងធ្វើនេះ មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ មានផ្តះបាយ១ និងតតាកធ្វើពីដែក សសរ បេតុង ៩ដើម ជញ្ជាំងស្មាតបត ក្រាលក្តារកុងផ្លាកកេកម្រាស់១២លី ដែលមានតម្លៃក្នុង១ខ្នងស្មើនឹង៣.០០០ដុល្លារ៕
ដោយ, សុខ ខេមរា