ទីស្នាក់ការកណ្តាលគណបក្ស NLD របស់លោកស្រី​ អោង សាន ស៊ូជី​ ត្រូវក្រុមរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ឆ្មក់​ចូលឆែកឆេរ

ចែករំលែក៖

អន្តរជាតិ​៖ បន្ទាប់ពី​សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះហិង្សាប្រព្រឹត្តដោយប៉ូលីសមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករដែលកំពុងធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី និងអ្នកកំពុងជាប់ឃុំដទៃៗទៀត ក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ​២០២១ថ្មីៗនេះ​;​ ពេលនេះក្រុមយោធាមីយ៉ាន់ម៉ា​ បានចុះឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី។

ជាក់ស្តែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Facebook របស់ខ្លួន គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលត្រូវបានសារព័ត៌មាន CNA យកមកដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ដោយបាននគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យោធា… បានវាយឆ្មក់ចូលឆែកឆេរ និងបំផ្លិចបំផ្លាញទីស្នាក់ការកណ្ដាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នៅម៉ោងប្រមាណ ៩៖៣០នាទី ថ្ងៃអង្គារ…»។ ប៉ុន្តែសេចក្ដីថ្លែងការណ៍ដដែល មិនបានលម្អិតអ្វីបន្ថែមពីនេះទៀតឡើយ។

សូមជម្រាបថា​ ជុំវិញបញ្ហានេះដែរ​ មនុស្សរាប់សិបនាក់ ត្រូវបានប៉ូលីសមីយ៉ាន់ម៉ា​ ចាប់ខ្លួននៅក្នុងការប៉ះទង្គិចគា្នជាច្រើនករណី នៅរដ្ឋធានីណៃពិដោ និងទីក្រុង ម៉ាន់ដាឡាយ (Mandalay) ខណៈបាតុករនៅតែបន្តធ្វើការតវ៉ា បើទោះជាមានការព្រមានបង្រ្កាប និងការប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹកក៏ដោយ។

គួរបញ្ជាក់ថា ការវាយឆ្មក់ចូលឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោង សាន ស៊ូជី បានកើតមានឡើងចំពេលប្រជាជនមីយ៉ាន់ម៉ា កំពុងនាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស ដើម្បីប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យទាមទារឱ្យដោះលែងលោកស្រី ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកស្រី៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print