ភ្នំពេញ ៖ រថយន្តម៉ាកToyota Prius មួយគ្រឿងបេីកលឿនដល់ផ្លូវបំបែកមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដ ហេីយខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកតាមផ្លូវបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងប្រពន្ធកូន២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅជាប់របងវិទ្យាល័យទួលទំពូង តាមបណ្ដោយផ្លូវលេខ១៥៥ កែងនិឹងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2BE-2919 បើកតាមបណ្ដោយផ្លូវ១៥៥ ក្នុងទិសដៅពីត្បូងទៅជេីងដោយប្រើល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន ក៏ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW-7082 ចំកង់ក្រោយចំហៀងខាងស្ដាំពេញទំហឹង និងទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក WAVE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CO-6900ដែលកំពុងធ្វេីដំណេីរ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្ដាយកូន២នាក់រងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យទាំងបីនាក់ភ្លាមៗ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តនិងម៉ូតូទាំង៣គ្រឿងខាងលេីបានរងការខូចខាតខ្លាំងដូចគ្នា ដោយត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ