ភ្នំពេញ, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
សម្ដេចបានថ្លែងបន្តថា, ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ។
អរគុណសន្តិភាព
ដោយ, សុខ ខេមរា