ភ្នំពេញ , អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀតកម្មវិធីនេះកាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក។
ប៉ុន្តែក្នុងពេលថ្មីៗនេះអ្នកស្រាវជ្រាវម្នាក់បានរកឃើញ ពីភាពចន្លោះប្រហោងនៅក្នុងមុខងារសារសម្ងាត់របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឱ្យអ្នកប្រើប្រាស់ឬជនណាម្នាក់ចូលទៅទាញយកសារសំឡេងឬវីដេអូនោះមកវិញបាន។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុនមិនបានលុបចោលសារទាំងនោះ នៅពេលដែលវាត្រូវបានលុបចេញពីស្រ្គីន (Screen) របស់អ្នកប្រើប្រាស់ទេ ហើយឯកសារទាំងនេះត្រូវបានរក្សាទុកនៅក្នុងទីតាំងមួយ ជាមួយនឹងឯកសារផ្ញើសារធម្មតា ដែលអ្នកប្រើប្រាស់អាចចូលទៅទាញយកមកវិញបាន។
ដូច្នេះដើម្បីចៀសវាងពីការទាញយកទិន្នន័យនៅពេលប្រើសារសម្ងាត់នោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram សម្រាប់ macOS ទៅជំនាន់ 7.4 ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ខែមករានោះ។
គួរបញ្ជាក់ផងដែរថានៅពេលដែលលោកអ្នកធ្វើការផ្ញើសារធម្មតា សារទាំងនោះត្រូវបានអុីនគ្រីបនៅពេលដែលឆ្លងកាត់សើវើ (Server) របស់ក្រុមហ៊ុនផ្សេងៗទៀត ប៉ុន្តែវាមិនត្រូវបានអុីនគ្រីបនៅក្នុងប្រព័ន្ធសើវើ របស់ក្រុមហ៊ុន Telegram នោះទេ។ ដូច្នេះសាររបស់លោកអ្នកអាចត្រូវបានទាញយក នៅពេលដែលសើវើរបស់ក្រុមហ៊ុនត្រូវបានរងការវាយប្រហារ៕
ដោយ, សិលា