ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តស្តារិចមួយគ្រឿងដឹកគ្នាទៅបុករថយន្តសណ្ដោងទូកុងតឺន័រពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្តុបថៃហ្គ័រ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយមានរថយន្តម៉ាក FUSO ប្រភេទសណ្ដោងទូកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3C-4508 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ស្តុបថៃហ្គ័រក៏បង្អង់ល្បឿនដោយប្រុងប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-2828 បានធ្វេីដំណេីរមកតាមក្រោយក្នុងល្បឿនលឿន ហេីយជ្រុលរថយន្តសណ្ដោងទូកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តស្តារិចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្វេីឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសឈាមមុខមាត់ (រាងស្រាល)ក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីព្យាបាលរបួសផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ