ខេត្តកំពង់ធំ , នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ជាទិវានៃក្តីស្រឡាញ់ ក្រសួងបរិស្ថានបានដឹកនាំរៀបចំកម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។ នេះគឺជាលើកទី៣ ដែលក្រសួងបរិស្ថានបានរៀបចំកម្មវិធីនេះឡើងនិង មានការអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីគ្រប់មជ្ឈដ្ឋានរួមមានមន្ត្រីរាជការក្រសួងបរិស្ថាន និង មកពីក្រសួងស្ថាប៍នរដ្ឋផ្សេងទៀត អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញសហគមន៍តំបន់ ព្រះសង្ឃ យុវជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មាន។ ឆ្នាំនេះគឺជាលើកទី៣ ហើយដែលក្រសួង បរិស្ថានបានផ្តួចផ្តួមរៀបចំកម្មវិធីបោះជំរុំនេះ និងបានបើកទូលាយដល់មនុស្សគ្រប់មជ្ឈដ្ឋានចូលរួម។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា កម្មវិធីបោះជំរុំក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់»រៀបចំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែល មនុស្សទូទៅបានដឹងថាជាថ្ងៃនៃក្តីស្រឡាញ់គឺក្នុគោលបំណងទី១៖ បង្ហាញក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់អភិរក្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។
បើតាមលោករដ្ឋលេខាធិការ នេត្រ ភក្ត្រា កម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃនេះនៅទីស្នាក់ការគម្ពោតគយក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះនឹងមានធ្វើសកម្មភាពជាច្រើនក្នុងនោះមានការបង្ហាញពីវិធីសាស្ត្រនៃការចុះល្បាតព្រៃ ពិធីសាសនាបំបួសដើមឈើ ការជួបពិភាក្សាជាមួយនឹងសហគមន៍ដើម្បីស្វែងយល់ពីជីវភាពនិងការចូលរួមទទួលខុសត្រូវរបស់ពួកគាត់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ ចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយ អូថេក ដែលនៅទីនោះអ្នកជំនាញរបស់ក្រុមហ៊ុននឹងធ្វើបទបង្ហាញពី ការបណ្តុះកូនឈើតាមបែបវិទ្យាសាស្រ្តដើម្បីផ្គត់ផ្គត់តម្រូវការកូនឈើដាំរាប់លានដើមក្នុងមួយឆ្នាំ និង ទស្សនាចម្ការឈើដាំរាប់ពាន់ហិកតាដែលបានដាំរួច និងកំពុងលូតលាស់ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកឧស្សាហកម្មចម្ការឈើដាំដល់អ្នកចូលរួមបានយល់ដឹង។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ត្រូវបានរាជរដ្ឋាភិបាលបង្កើត ឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់៕
ដោយ, សិលា