ភ្នំពេញ ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ៖ ១០៧,២០០នាក់
* ខេត្តសៀមរាប៖ ៧៣,៤១៧ នាក់
* ខេត្តកែប៖ ៦៥,២៧៧ នាក់
* ខេត្តព្រះសីហនុ៖ ៦០,៦៤៦ នាក់
* ខេត្តកំពត៖ ៥៩,២៦២ នាក់
* ខេត្តបាត់ដំបង៖ ៤៩,៥០៥ នាក់
* ខេត្តកណ្តាល៖ ៤៣,៨៩៩ នាក់
* ខេត្តកោះកុង៖ ២២,៥៤១ នាក់
* ខេត្តពោធិ៍សាត់៖ ១៥,១៩៨ នាក់
* ខេត្តក្រចេះ៖ ១១,១៨៣ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ដូចការគ្រោងទុក ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬវិលល្ងាច។ ជាក់ស្តែង តាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១០ ម៉ឺននាក់ បានដើរកម្សាន្តនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ។
ដោយឡែក ខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដូចជា រមណីយដ្ឋានមួយចំនួនក្នុងខេត្តកំពត មានការកកកុញភ្ញៀវច្រើន។ អាជ្ញាធរមូលដ្ឋាននៅតែខិតខំក្នុងការណែនាំឱ្យភ្ញៀវទេសចររក្សាគម្លាត និងទប់ស្កាត់មិនឲ្យមានការជួបជុំជាក្រុមធំ។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេសម្រាប់រយៈពេល២ថ្ងៃនេះ៕
ដោយ, សិលា