ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិតចាន់ដារ៉ាប្រធានមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងបានថ្លែងថា
ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋគឺជាការរួមចំណែកក្នុងកិច្ចការមនុស្សធម៌ក្នុងសង្គម ដោយបានប្រែក្លាយពីទិវានៃក្ដីស្រលាញ់ ទៅជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស។
ការថ្លែងបែបនេះក្នុងពិធីអបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈក្នុងសាលប្រជុំអគារសម្ដេចម៉ែនៃមន្ទីរពេទ្យខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២១។
ក្នុងឪកាសនោះមានការនិមន្តចូលរួមពី
ព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រះគ្រូ ងួន សារិទ្ធ ព្រះសមុហ៏គណខេត្ត ព្រមទាំងព្រះតេជគុណគ្រប់ព្រះអង្គនិងជូនពរ លោក លោកស្រីវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូ និស្សិត និងសប្បុរសជន នានាជាច្រើនអង្គនាក់ផងដែរ។
លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រះគ្រូ ងួន សារិទ្ធ ព្រះសមុហ៏គណខេត្ត ព្រមទាំងព្រះតេជគុណគ្រប់ព្រះអង្គ លោក លោកស្រីវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូ និស្សិត និងសប្បុរសជន នានា ដែលបានចូលរួមបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងឱកាសបុណ្យនៃក្ដីស្រលាញ់ ១៤ កុម្ភៈ នាពេលនេះផងដែរ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្តដែលបានទៅបរិច្ចាគឈាម ក្នុងថ្ងៃនៃក្ដីស្រលាញ់ នាថ្ងៃនេះ គឺជាលទ្ធផលល្អ និងជោគជ័យតាមផែនការដែលបានគ្រោងទុក ដើម្បីយកឈាមទាំងអស់នោះ ទៅជួយសង្គ្រោះអ្នកដែលត្រូវការឈាមចាំបាច់។
លោកវេជ្ជបណ្ឌិត បន្ថែមថាជាការ ពិតណាស់ឈាម គឺជាអំណោយមួយដ៏ល្អបំផុត ដែលអាចសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមដូច្នេះហើយ ទើបមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង តែងតែប្រារព្ធទិវា ផ្ដល់ឈាមជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលចំនឹងថ្ងៃទិវានៃក្ដីស្រលាញ់ ដែលបងប្អូនយើងទាំងអស់គ្នា អាចផ្ដល់សេចក្ដីស្រលាញ់ តាមរយៈការផ្ដល់ឈាមនេះតែម្ដង៕
ដោយ៖យឹម សុថាន