ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងនៅកម្ពុជា លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បញ្ចេញចម្រៀងរបស់ខ្លួនដោយការងាកមកបន្ថែមលើការច្រៀងបទចម្រៀងបែបរ៉េបរហូតធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍។ មិនឲ្យចាញ់តារាចម្រៀងលំដាប់ជួរមុខពីររូបនេះឡើយ ក្នុងនេះតារាចម្រៀងឱក សុគន្ធកញ្ញាក៏បានបញ្ចេញបទចម្រៀងបែបរ៉េបរបស់ខ្លួនផងដែរ។
ប៉ុន្មានថ្ងៃមុនេះតារាចម្រៀង ព្រាប សុវត្ថិ វិញក៏ បញ្ចេញបទចម្រៀង រ៉េបថ្មីស្នាដៃនិពន្ធដោយកូនប្រុសពៅរបស់លោកគឺលោកសុវត្ថិ សិរីគឺបទចម្រៀងនេះមានចំណងជើងថា Gang Gang ដែលទើបនឹងបញ្ចេញមិនបានមួយសប្តាហ៍ផងបទនេះផ្ទុះការគាំទ្រមិនធម្មតាផងដែរ ពោលគឺមានអ្នកចូលទស្សនាជាង១លានដងផងដែរ។ បទចម្រៀងរបស់តារាចម្រៀងទាំងបីនេះក៏ត្រូវបានDJ និងអ្នកReaction នៅបរទេសជាច្រើនមានការចាប់អារម្មណ៍ និងយកទៅច្រៀងតាម ពេញបណ្តាញសង្គមYoutube ។ ងាកមកលោក ខេមរៈ សិរីមន្តបានបញ្ចេញបទចម្រៀងមួយបទចុងក្រោយដែលស្ទើតែធ្វើឲ្យតារាចម្រៀងរ៉េបនៅកម្ពុជាភ្ញាក់ស្ទើរដាច់ចង្កះគឺលោកបានបញ្ចេញបទចម្រៀង ក្រោមចំណងជើងថា” ហួសសម័យ” ដែលបានច្រៀងរ៉េបញាប់ស្ទើរស្តាប់មិនទាន់។ មានអ្នកចូលស្តាប់ច្រើនជាង១លានដងរួចមកហើយដែរ ក្រោយពីបញ្ចេញបានប្រមាណជាង១សប្តាហ៍។ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍នោះគឺក្រោយពីតារាចម្រៀងស្រីកូនមួយ អ្នកនាង ឱក សុគន្ធកញ្ញា ស្រាប់តែបញ្ចេញបទចម្រៀងយ៉ាងពិរោះបែបរ៉េបលើកដំបូងក្នុងអាជីពចម្រៀងផងដែរគឺបទ Bad Boy អែបគៀន ដែលជាបទចម្រៀងថ្មី និងទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ ដែលនាងទទួលបានការកោតសរសើរអមដោយការចែករំលែកព្រោងព្រាតលើស្ទីលបទចម្រៀងថ្មីអមដោយការតុបតែងខ្លួនបែបយុវវ័យប្លែកនិងជា បទចម្រៀង ងាយស្រួលស្តាប់ច្រើន។
ទោះជាយ៉ាងណាអ្នកដែលនិយមតាមដានវិស័យចម្រៀងរ៉េបនៅកម្ពុជាបានបញ្ជាក់ថា វាគឺជារបត់ថ្មីលើវស័យចម្រៀងរ៉េបនៅកម្ពុជាដែលតារាល្បីៗក៏ចង់ក្រសោបបានការគាំទ្រ និងបង្ហាញពីភាពសម្បូរបែបនៃរសជាតិបទចម្រៀងរបស់ពួកគេ ប៉ុន្តែមិនអាចផ្តួលទីផ្សារតារាចម្រៀងរ៉េបអាជីពបាននោះទេ ប៉ុន្តែជាការប្រជែងទីផ្សារប៉ុណ្ណោះ។ ប្រភពលើកឡើងថា នៅមានតារាចម្រៀងជើងចាស់មួយចំនួនទៀតបាននឹងកំពុងសំលឹងមលើទីផ្សារក្រុមយុវវ័យដែលនិយមចូលចិត្តបទចម្រៀងបែបរ៉េបនេះ៕