អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកថ្មី លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) បានអំពាវនាវឲ្យសភាទាំង២ របស់សហរដ្ឋអាមេរិក អនុម័តលើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ ប្រកបដោយសុភវិនិច្ឆ័យ។ ការជំរុញបែបនេះ ខណៈដែលលោក បៃឌិន បានលើកឡើងនៅថ្ងៃខួបលើកទី៣ នៃការបាញ់ប្រហារនៅវិទ្យាល័យ ម៉ាចូរី ស្តូនមែន ដូកក្លាស (Marjory Stoneman Douglas) ក្នុងទីក្រុង ផាកឡេនដ៍ (Parkland) រដ្ឋផ្ល័ររីដា (Florida)។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះផ្សាយយោងតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យសភា អនុម័តលើការធ្វើកំណែទម្រង់ ច្បាប់គ្រប់គ្រងអាវុធប្រកបដោយសុភវិនិច្ឆ័យ ក្នុងនោះរួមមានការតម្រូវឱ្យត្រួតពិនិត្យប្រវត្តិបុគ្គល, ហាមឃាត់កាំភ្លើងដែលមានសមត្ថភាពខ្ពស់… ហើយរដ្ឋបាលមួយនេះ នឹងមិនរង់ចាំរហូតដល់មាន ការបាញ់ប្រហារយ៉ាងរង្គាលកើតឡើងជាថ្មី ទើបអំពាវនាវឱ្យធ្វើកំណែទម្រង់នោះឡើយ»។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានករណីបាញ់ប្រហារមួយនៅឯវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida បានផ្ដាច់ជីវិតមនុស្ស ១៧នាក់ និងបានក្លាយជាការជំរុញកាន់តែខ្លាំង ឱ្យមានកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ នៅក្នុងសហរដ្ឋអាមេរិក ចាប់ពីពេលនោះមកដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ ក្នុងឆ្នាំ២០១៨